ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានបន្តអនុវត្តនីតិវិធីបណ្តេញជនជាតិចិនចំនួន ១៦២នាក់ ក្នុងនោះស្ត្រី២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្រោយពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្មានលិខិតឆ្លងដែន និងស្នាក់នៅធ្វើការដោយខុសច្បាប់។




ការបណ្តេញចេញនេះ ធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា រៀបចំបញ្ជូនជនជាតិចិនទាំង១៦២នាក់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិតេជោ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការអនុវត្តវិធានការនេះ គឺស្របតាមគោលនយោបាយ និងវិធានការច្បាប់របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនមានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនោះឡើយ។




ជាមួយគ្នានេះ សមត្ថកិច្ចបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរក និងចាត់ការតាមផ្លូវច្បាប់ចំពោះមេខ្លោងដែលនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។
អត្ថបទ÷ចតុម្មុខ
