ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​ផ្ញើសារអបអរសាទរ ដល់ក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា ដែល​ដណ្តើមបានពានជាប្រវត្តិសាស្រ្ត ក្នុងជើងឯកតំបន់អាស៊ាន SEA V-CUP លើកទី៦ ជើងទី១ ឆ្នាំ២០២៦។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហោះសារនៅហ្វេសបុក​ថា៖ សូម​អបអរសាទរ​ក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា បានយកឈ្នះឥណ្ឌូណេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ SEA V-CUP លើក ទី៦ ជើងទី១ ដោយលទ្ធផល ៣សិត​ទល់២ នៅថ្ងៃអាទិត្យ ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦ ក្នុងសលបាល់ទះ Candon City Arena ប្រទេសហ្វីលីពីន។

ឯកឧត្តមប្រធាន បាន​បន្ថែម​ថា ទន្ទឹមនឹងការអបអរសាទរ​ជាមួយ​មហាគ្រួសារបាល់ទះកម្ពុជា ក្នុង​នាមជាប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ខ្ញុំ​សូម​ថ្លែង​អំណរគុណជាពិសេសដល់​ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រឹងប្រែងប្រកួតតាំងពីវគ្គចែកពូល រហូតដណ្តើមបាន​ជើងឯកតំបន់អាស៊ាន SEA V-CUP ជូនជាតិមាតុភូមិ។

ឯកឧត្តមប្រធាន បាន​បញ្ជាក់ថា ការគាំទ្ររបស់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ​ពុកម៉ែ​ បងប្អូនទាំងអស់ មិនថា​អញ្ជើញ​លើក​ទឹកចិត្ត​កីឡាករ​យើង​ នៅ​ទីលាន​ផ្ទាល់ ឬទស្សនាតាម​ប្រព័ន្ធផ្សព្វផ្សាយនានាទេ គឺជា​កម្លាំងខ្មែរតែមួយ​ ជួយពីក្រោយខ្នង។ សម្រាប់វិញ្ញសាបាល់ទះបុរសរបស់យើង បានបញ្ចប់ពាក្យថា«ប្រជាជនតិចជាង ផ្ទៃដីតូចជាង» ដែលជារនាំងថាយើងមិនអាចធ្វើបាន។

គួរ​បញ្ជាក់ថា ក្រុមកីឡាករ និងគ្រូបង្វឹករបស់យើង​ នឹងបន្តបេសកកម្មការប្រកួត SEA V-CUP លើកទី៦ ជើងទី២ ឆ្នាំ២០២៦ នៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

  • ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ប៉ះឥណ្ឌូណេស៊ី ម៉ោង ៧:០០យប់
  • ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ប៉ះហ្វីលីពីន ម៉ោង ៧:០០យប់៕
Share.