ឧដុង្គធានី៖ ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃមួយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញប្រទេសថៃ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងការសម្លាប់កាត់ក្បាល និងប្រដាប់ភេទជនរងគ្រោះ យកទៅរក្សាទុកនៅក្នុងផ្ទះរបស់ខ្លួនក្នុងខេត្ត Udon Thani។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍ដ៏រន្ធត់នេះមិនត្រឹមតែជាបទល្មើសឧក្រិដ្ឋកម្មធម្មតានោះទេ ប៉ុន្តែវាកំពុងបើកកាយឱ្យឃើញកាន់តែច្បាស់ពីវិបត្តិសង្គមថៃដ៏ស៊ីជម្រៅ រាប់ចាប់ពីការរីករាលដាលនៃគ្រឿងញៀន រហូតដល់ភាពផ្ទុយគ្នារវាងអបិយជំនឿ និងការពិត។

ប្រតិបត្តិការស៊ើបអង្កេតបានចាប់ផ្តើមឡើងបន្ទាប់ពីគេបានប្រទះឃើញសពរបស់ជនរងគ្រោះឈ្មោះ សមស័ក្តិ ថាមវ៉ាភី (Somsak Thamwapee) អាយុ ៣៥ឆ្នាំ នៅក្នុងខ្ទមស្រែមួយកន្លែង ក្នុងស្រុកបានឌុង (Ban Dung) កាលពីវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី១៧ ខែកក្កដា ថ្មីៗនេះ។ សពត្រូវបានគេចាក់ជាច្រើនកន្លែង និងកាត់ក្បាលព្រមទាំងប្រដាប់ភេទយកទៅបាត់។ អ្វីដែលកាន់តែចម្លែក និងឆ្លុះបញ្ចាំងពីអបិយជំនឿបែបងប់ងុលនោះ គឺវត្តមាននៃម្សៅកូនក្មេងដែលត្រូវគេរ៉ាយប៉ាយលើសព និងកាំបិតប៉័ងតោដែលត្រូវគេប្រទះឃើញផ្កាប់លើទ្រូង។ តាមជំនឿរបស់អ្នកស្រុកនៅតំបន់ឦសាននៃប្រទេសថៃ ការដាក់កាំបិតផ្កាប់លើទ្រូង ឬការប្រើប្រាស់ម្សៅរ៉ាយលើសាកសព ត្រូវគេជឿថាជា ពិធីសែនព្រេន បិទវិញ្ញាណ ឬទប់មិនឱ្យខ្មោចតៃហោងតាមលងបន្លាចឃាតករ។ លើសពីនេះ ការដែលកាត់យកសិរីរាង្គសំខាន់ៗរបស់សពមករក្សាទុកតែងតែត្រូវបានគេភ្ជាប់ទៅនឹង ការធ្វើអាបធ្មប់ វេទមន្តខ្មៅ ដើម្បីយកថាមពល ឬវិញ្ញាណជនរងគ្រោះមកប្រើប្រាស់ ឬធ្វើជាគ្រឿងកែខៃអបិយជំនឿផ្សេងៗ។

ប៉ូលីសបានស្រាវជ្រាវរហូតទៅដល់ផ្ទះជនសង្ស័យម្នាក់ឈ្មោះ និរុត (Nirut) ឬហៅថា ទុង មានអាយុ ៣០ឆ្នាំ ជាកន្លែងដែលសមត្ថកិច្ចបានរកឃើញបំណែកសព និងសរីរាង្គច្រកក្នុងធុងជ័រ និងដបកែវ។ ថ្វីបើភស្តុតាងនៅចំពោះមុខជាក់ស្តែង ព្រមទាំងលទ្ធផលធ្វើតេស្តស្វែងរកសារធាតុញៀនបង្ហាញថា វិជ្ជមានយ៉ាងណាក៏ដោយ ក៏ជនសង្ស័យរូបនេះនៅតែបន្តបដិសេធរាល់ការចោទប្រកាន់របស់សមត្ថកិច្ច។
ករណីនេះបានស្ដែងឱ្យឃើញយ៉ាងច្បាស់ពីឥទ្ធិពលបំផ្លិចបំផ្លាញនៃគ្រឿងញៀននៅក្នុងសហគមន៍ជនបទរបស់ថៃ។ ទាំងជនរងគ្រោះ និងជនសង្ស័យ សុទ្ធសឹងតែមានប្រវត្តិពាក់ព័ន្ធនឹងសារធាតុញៀនយ៉ាងធ្ងន់ធ្ងរ។ ជនរងគ្រោះធ្លាប់បាត់បង់ការងារ និងមានប្រវត្តិហិង្សាដោយសារថ្នាំញៀន ខណៈជនសង្ស័យប្រព្រឹត្តអំពើព្រៃផ្សៃទាំងស្ថិតក្រោមឥទ្ធិពលថ្នាំ។ នេះជាសញ្ញាអាសន្នបញ្ជាក់ថា វិធានការទប់ស្កាត់គ្រឿងញៀនរបស់អាជ្ញាធរថៃនៅតែមានចន្លោះប្រហោង និងគ្មានប្រសិទ្ធភាពក្នុងការការពារសុវត្ថិភាពពលរដ្ឋក្នុងមូលដ្ឋាន។

អ្វីដែលធ្វើឱ្យមហាជនខកចិត្ត និងរិះគន់យ៉ាងខ្លាំង គឺឥរិយាបថរបស់ជនសង្ស័យ។ តាមការរៀបរាប់របស់អ្នកស្រុក និរុត ត្រូវបានគេស្គាល់ថាជា មនុស្សសកម្មក្នុងការចូលវត្តអារាម និងកាន់សាសនាយ៉ាងខ្ជាប់ខ្ជួន ហើយសូម្បីតែក្នុងអំឡុងពេលឃុំខ្លួន ក៏រូបគេចំណាយពេលភាគច្រើនសូត្រធម៌បន់ស្រន់ផងដែរ។ បញ្ហានេះឆ្លុះបញ្ចាំងពីសង្គមមួយដែលមនុស្សមួយចំនួនប្រើប្រាស់ «សាសនា» និង «ការសូត្រធម៌» ធ្វើជាខែលបាំងមុខ ឬជាឧបករណ៍លាងជម្រះចិត្តគំនិតដ៏ខ្មៅងងឹត និងអំពើឧក្រិដ្ឋរបស់ខ្លួន ជំនួសឱ្យការភ្ញាក់រលឹក និងទទួលខុសត្រូវចំពោះមុខច្បាប់។ ការដែលជនរងគ្រោះធ្លាប់មានប្រវត្តិត្រូវគេបាញ់ និងចាក់ឱ្យរបួសធ្ងន់ធ្ងរនាពេលកន្លងមក ដោយគ្មានការស្វែងរកមុខសញ្ញាជនល្មើសយកមកផ្ដន្ទាទោសបាន រហូតឈានដល់មានករណីឃាតកម្មកាត់សរីរាង្គយ៉ាងរន្ធត់នេះ គឺបង្ហាញពីភាពទន់ខ្សោយនៃប្រព័ន្ធស៊ើបអង្កេត និងការការពារសន្តិសុខជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល។
បច្ចុប្បន្ន ប៉ូលិសថៃកំពុងរង់ចាំលទ្ធផលពិនិត្យ DNA និងកោសល្យវិច័យផ្លូវការ ដើម្បីចោទប្រកាន់ជនសង្ស័យជាផ្លូវការ។ ទោះជាយ៉ាងណា សំណួរចោទសួរចំពោះសង្គមថៃនៅតែមានថា តើមានករណីរន្ធត់បែបនេះប៉ុន្មានទៀត ទើបបញ្ហាគ្រឿងញៀន និងការយល់ដឹងខុសឆ្គងក្នុងសង្គមត្រូវបានដោះស្រាយដោយពិតប្រាកដ?

