កម្ពុជានឹងទទួលបានជំនួយក្រោមកម្មវិធី OSA នេះជាលើកដំបូង ពីរដ្ឋាភិបាលជប៉ុន ដែលជាកម្មវិធីផ្តល់បរិក្ខារការពារជាតិដោយឥតគិតថ្លៃ សម្រាប់បណ្តាប្រទេសដែលមានទស្សនវិស័យស្របគ្នា។ ទំហំទឹកប្រាក់នៃជំនួយនេះ មានតម្លៃ ៥០០ លានយ៉េន ឬប្រមាណ ៣ លានដុល្លារអាមេរិក។

ទំនាក់ទំនងផ្នែកសន្តិសុខ និងការពារជាតិកម្ពុជា និងជប៉ុន បានឈានចូលដល់ទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត បន្ទាប់ពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ «ជំនួយសន្តិសុខផ្លូវការ» (OSA) ជាលើកដំបូងបង្អស់ជូនដល់កម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានរៀបចំឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា រវាង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង ឯកឧត្តម អ៊ុអេណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមអគ្គរាជទូតចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈដែលរូបលោកបានបព្ចាប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ឯកឧត្តម អ៊ុអេណូ អាតស៊ូស៊ី នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

តាមរយៈក្របខ័ណ្ឌជំនួយ OSA នេះ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់នូវបរិក្ខារយោធា និងគ្រឿងបំពាក់ការពារជាតិដល់កម្ពុជា ដែលរួមមាន ឧបករណ៍ទំនាក់ទំនង និងទូកល្បាត សរុបជាទឹកប្រាក់ប្រមាណ ៥០០ លានយ៉េន (ឬប្រហែល ៣ លានដុល្លារអាមេរិក)។ កម្មវិធី OSA គឺជាយន្តការថ្មីមួយរបស់ជប៉ុន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសដែលមានទស្សនវិស័យដូចគ្នា ដោយផ្តល់ជូននូវសម្ភារ និងបរិក្ខារការពារជាតិ។

ក្រៅពីការផ្តល់បរិក្ខារយោធា ប្រទេសទាំងពីរឆ្ពោះទៅមុខនូវការអនុវត្តផែនការបង្កើត «សាលាទំនាក់ទំនងយោធា» នៅកម្ពុជា និងកិច្ចសហប្រតិបត្តិការផ្ទាល់ជាមួយកងកម្លាំងស្វ័យការពារជើងគោកជប៉ុនបន្ថែមទៀតផងដែរ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន NHK ជប៉ុន បន្ទាប់ពីពិធីចុះហត្ថលេខា ឯកឧត្តម អ៊ុអេណូ អាត់ស៊ូស៊ី បានគូសបញ្ជាក់ថា ឯកឧត្តមជឿជាក់ថាកិច្ចសហប្រតិបត្តិការសន្តិសុខរវាងជប៉ុន និងកម្ពុជា បានឈានចូលដល់ «ដំណាក់កាលថ្មីមួយទៀត» ហើយលោកនឹងបន្តពិភាក្សាជាមួយភាគីកម្ពុជាលើរូបភាព និងមធ្យោបាយជាក់លាក់ផ្សេងៗទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ។

គួររំលឹកផងដែរថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានដែលទទួលបានជំនួយ OSA ពីជប៉ុន ខណៈដែលកន្លងមក ជប៉ុនធ្លាប់បានផ្តល់ប្រព័ន្ធរ៉ាដាឃ្លាំមើលឆ្នេរសមុទ្រដល់ប្រទេសហ្វីលីពីន និងបានព្រមព្រៀងផ្តល់បរិក្ខារសង្គ្រោះ និងឆ្លើយតបគ្រោះមហន្តរាយដល់ប្រទេសថៃកាលពីខែមីនាកន្លងទៅ៕

Share.