នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី ចំនួន ១៥វគ្គ សរុប ១,៧១០នាក់ ក្នុងនោះមាននារី ១៩៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាលទាំង ១៥វគ្គ ដោយក្នុងនោះការបណ្តុះបណ្តាលនៅបណ្ឌិត្យសភានគរបាលកម្ពុជាផ្ទាល់មានចំនួន ៧វគ្គ មានជ័យលាភី ៥៣៨នាក់ (នារី ៤៣នាក់) នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម មានចំនួន ២វគ្គ មានជ័យលាភី ១៨៩នាក់ និងនៅសាលានគរបាលជាតិភូមិភាគ មានចំនួន ៦វគ្គ មានជ័យលាភី ៩៨៣នាក់ (នារី ១៧៦នាក់)។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមថា បណ្ឌិត្យសភាកំពុងអនុវត្តយ៉ាងសកម្មនូវផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ការប្រែក្លាយជាបណ្ឌិត្យសភាឌីជីថល ការអភិវឌ្ឍធនធានគ្រូនគរបាល ការកំណត់ស្តង់ដាគ្រឹះនៃមន្ត្រីឌីជីថល ព្រមទាំងការបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការគាំទ្រ និងកោតសរសើរចំពោះសមិទ្ធផលថ្មីៗដែលបណ្ឌិត្យសភាសម្រេចបាន។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា នាពេលដ៏ខ្លីខាងមុខនេះ នឹងមានការសាងសង់មន្ទីរពិសោធន៍វិទ្យាសាស្ត្រកោសល្យវិច័យ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA ក្នុងទំហំទឹកប្រាក់ ១៣.៥០លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់រួមគ្នារវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងហិរញ្ញប្បទានភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ សកម្មភាពក្មេងទំនើង និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាពិសេស អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានដាក់ចេញនូវវិធានការទាំងត្រជាក់ និងក្តៅ ដើម្បីបើកយុទ្ធនាការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងគំរាមកំហែងដល់សង្គមជាតិទាំងមូល។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តល់មតិផ្តាំផ្ញើដល់សិក្ខាកាមជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបានទៅប្រើប្រាស់ឱ្យមានប្រយោជន៍ និងមានប្រសិទ្ធភាពក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ គោរពសិទ្ធិមនុស្ស គោរពវិន័យការងារ គោរពតាមការចាត់តាំងរបស់ថ្នាក់លើ និងមានភាពស្មោះត្រង់ ដើម្បីធ្វើឱ្យថ្នាក់ដឹកនាំមានការពេញចិត្តលើសមត្ថភាពការងាររបស់ខ្លួន។

ជាចុងក្រោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ និងប្រគល់វិញ្ញាបនបត្រជូនដល់ជ័យលាភីតំណាងចំនួន ៣២នាក់ ព្រមទាំងបានអញ្ជើញប្រគល់ដាវជ័យលាភីកិត្តិយស ជូនដល់ជ័យលាភីតំណាងចំនួន ៦នាក់ ប្រកបដោយបរិយាកាសកក់ក្តៅ និងមោទនភាព៕

Share.