ដើម្បីឆ្លើយតបទៅនឹងតម្រូវការយល់ដឹងរបស់សាធារណជន និងប្រជាពលរដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញផ្តល់បទសម្ភាសន៍ផ្ទាល់ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ កាលពីរសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦។




កិច្ចសម្ភាសន៍ដែលរៀបចំឡើងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃនេះ មានការចូលរួមយ៉ាងផុសផុលពីថ្នាក់ដឹកនាំនាយកដ្ឋាន នាយការិយាល័យ និងតំណាងនាយកដ្ឋានជំនាញ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំផងដែរ។















ការជួបសម្ភាសន៍ដើម្បីរាយការណ៍ជូនពីវឌ្ឍនភាពនៃការសម្រេចការងារបាន នាពេលនេះ ត្រូវបានធ្វើឡើងតាមគោលការណ៍ណែនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឱ្យអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពប្រហាក់ប្រហែលចំណុះក្រសួង និងរដ្ឋបាលរាជធានី-ខេត្ត ធ្វើបទបង្ហាញអំពីសមិទ្ធផលការងាររបស់ខ្លួនជាសាធារណៈ។
តាមរយៈកិច្ចសម្ភាសន៍នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានគូសបញ្ជាក់ និងបង្ហាញយ៉ាងច្បាស់អំពីលទ្ធផលការងារ បេសកកម្ម និងវឌ្ឍនភាពសំខាន់ៗដែលសម្រេចបានក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងបង្កើនតម្លាភាព គណនេយ្យភាព និងធ្វើឱ្យប្រជាពលរដ្ឋបានជ្រាបកាន់តែច្បាស់អំពីការខិតខំប្រឹងប្រែងបម្រើសេវាជូនពួកគាត់៕

