សារព័ត៌មានចិនបានផ្សាយថា មហាអំណាចចិន បានចេញមុខអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំកម្ពុជា និងថៃ ឱ្យបញ្ចប់វិវាទព្រំដែនដ៏រ៉ាំរ៉ៃតាមរយៈផ្លូវចរចាសន្តិវិធី ដោយបានប្រកាសផ្តល់ «នាទីជាអ្នកស្ថាបនា» ដើម្បីជួយស្វែងរកច្រកចេញ ប្រកបដោយភាពយុត្តិធម៌ និងអព្យាក្រឹត សម្រាប់ប្រទេសជិតខាងទាំងពីរ។
ការបញ្ជាក់ពីជំហរនយោបាយការបរទេសដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទិន ឆានវីរៈកុល នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រៅប្រព័ន្ធនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន Xinhua បានសម្រង់ប្រសាសន៍លោក ស៊ី ជិនពីង មកបញ្ជាក់ថា៖ ភាគីចិនបានទទូចឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ហើយងាកមកស្វែងរកផលប្រយោជន៍រួម និងគិតគូរឱ្យវែងឆ្ងាយពីអនាគតរបស់ប្រទេស។ លោកបានសង្កត់ធ្ងន់ថា ចិនគាំទ្រយ៉ាងពេញទំហឹងដល់ការស្វែងរកដោះស្រាយតាមរយៈការចរចា ហើយចិនចង់ឃើញតំបន់ទាំងមូលមានស្ថិរភាព។
សម្រាប់ភាគីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិនដែលជាមិត្តដែកថែម ដែលបានគាំទ្រដល់ការចរចា និងបានប្រាប់ពីការប្ដេជ្ញាចិត្តចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។
ប៉ុន្តែសម្រាប់ភាគីថៃ នាយកណ្ដុរ អនុទីន បានអះអាងថា ថៃនៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ព្រមទាំងបានកោតសរសើរចំពោះតួនាទីយុត្តិធម៌ និងអព្យាក្រឹតរបស់ចិន នៅក្នុងបញ្ហាមួយនេះ។
ក្រៅពីបញ្ហាព្រំដែន លោក ស៊ី ជិនពីង បានជម្រុញឱ្យមានការកសាងយន្តការសន្តិសុខជាន់ខ្ពស់ដោយស្នើឱ្យបង្កើតក្របខ័ណ្ឌចរចា «៣+៣» ជាមួយកម្ពុជារាប់បញ្ចូលមន្ត្រីជាន់ខ្ពស់ផ្នែកការបរទេស ការពារជាតិ និងសន្តិសុខសាធារណៈ និងយន្តការ «២+២» ជាមួយថៃ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីចិន បានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ លោក ស៊ី ជិនពីង គូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។
ព្រឹត្តិការណ៍នយោបាយមួយនេះ ត្រូវបានអ្នកតាមដានឃើញថា ការដែលចិនប្រកាសខ្លួនជា «អ្នកស្ថាបនា» លើបញ្ហាព្រំដែនកម្ពុជា-ថៃ នោះមិនត្រឹមតែបង្ហាញពីឥទ្ធិពលភូមិសាស្ត្រនយោបាយកាន់តែខ្លាំងរបស់ក្រុងប៉េកាំងនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបញ្ជាក់ថា ចិនមិនចង់ឱ្យជម្លោះរវាងមិត្តជិតស្និទ្ធទាំងពីររបស់ខ្លួន រំខានដល់ផែនការសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ឡើយ៕

