បាងកក៖ ប្រតិបត្តិការបង្រ្កាបទំនិញនាំចូលពីប្រទេសចិនរបស់អាជ្ញាធរគយ និងនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃដែលមានតម្លៃជាង ១០០លានបាត ដែលបិទផ្លាកក្លែងបន្លំថា «Made in Thailand» នៅកំពង់ផែ Laem Chabang ខេត្តឈុនបុរី កាលពីថ្ងៃទី២០ ខែកក្កដា បានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរជាថ្មីម្តងទៀតអំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការគ្រប់គ្រងតំបន់ពាណិជ្ជកម្មសេរីរបស់ប្រទេសថៃ។ ទោះបីជាអាជ្ញាធរថៃព្យាយាមគូសបញ្ជាក់ពីភាពជោគជ័យនៃប្រតិបត្តិការនេះយ៉ាងណាក៏ដោយ ប៉ុន្តែបើពិនិត្យមើលឱ្យស៊ីជម្រៅ ករណីនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីទម្លាប់ក្លែងប្រភពទំនិញ ដែលកំពុងរីករាលដាល និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងកិត្យានុភាពពាណិជ្ជកម្មរបស់ប្រទេសថៃខ្លួនឯង។

នៅក្នុងប្រតិបត្តិការបង្ក្រាបចុងក្រោយនេះ អាជ្ញាធរបានលាតត្រដាងបទល្មើសធំៗចំនួន២ រួមមានបារីម៉ាក TWOMOON ចំនួន ៥,៣៧លានដើម នាំចូលពីចិនដែលមានតម្លៃប៉ះពាល់សេដ្ឋកិច្ចប្រមាណ ១៧លានបាត និងផ្លែកាំបិតសម្រាប់កាត់ ឬឆាប រួមទាំងឡាមជាង ២០២,០០០ឈុត មានតម្លៃជាង ៨២,៧លានបាត ដែលត្រូវបាននាំចូលក្រោមរូបភាពជាគ្រឿងបន្លាស់ ប៉ុន្តែការពិតជាទំនិញសម្រេចស្រាប់ដែលមានបិទផ្លាក «Made in Thailand» រួចជាស្រេច ដើម្បីត្រៀមលក់ទៅកាន់ទីផ្សារបន្ដ។ បញ្ហានេះបានស្តែងឱ្យឃើញថា តំបន់សេរី និងតំបន់សេដ្ឋកិច្ចពិសេសរបស់ថៃ បាននិងកំពុងក្លាយជាជម្រក និងជាផ្លូវកាត់សម្រាប់ក្រុមហ៊ុនខិលខូចក្នុងការក្លែងបន្លំអត្តសញ្ញាណទំនិញចិន ដើម្បីគេចវាងរបាំងពន្ធ និងវិធានការប្រឆាំងការបង្កើនតម្លៃដែលប្រទេសធំៗដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបដាក់លើទំនិញចិន។

ការបណ្តោយឱ្យទំនិញចិនជ្រៀតជ្រែក និងយកឈ្មោះ «Made in Thailand» ទៅលក់លើទីផ្សារអន្តរជាតិ មិនត្រឹមតែជាការបោកប្រាស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រទេសថៃ ប្រឈមមុខនឹងការស៊ើបអង្កេត ឬការដាក់ទណ្ឌកម្មពន្ធបន្ថែមពីសំណាក់ដៃគូពាណិជ្ជកម្មធំៗ ដែលចុងក្រោយនឹងប៉ះពាល់ដោយផ្ទាល់ដល់ក្រុមអ្នកផលិត និងអាជីវកម្មស្មោះត្រង់នៅក្នុងប្រទេស។ លើសពីនេះ បញ្ហាភាពធូររលុងនៃការគ្រប់គ្រងព្រំដែនមិនមែនកើតឡើងតែលើទំនិញនាំចេញនោះទេ ព្រោះកាលពីឆ្នាំ២០២៥ អាជ្ញាធរថៃក៏ធ្លាប់បានចុះបង្ក្រាបផ្សារទំនើបមួយកន្លែងក្នុងខេត្ត Pathum Thani ដោយបានរកឃើញទំនិញហូបចុក ទឹកដោះគោ និងសាច់កែច្នៃនាំចូលពីចិនជាច្រើនមុខ ដែលគ្មានការទទួលស្គាល់ពីស្ថាប័នចំណីអាហារ និងឱសថ (FDA) ថៃសូម្បីតែបន្តិច។

ទំហំនៃការខូចខាតនេះកាន់តែស្តែងឡើងតាមរយៈទិន្នន័យរបស់អាជ្ញាធរគយថៃនៅកំពង់ផែ Laem Chabang តែមួយ ដែលក្នុងរយៈពេលត្រឹមតែ ១០ខែ (ពោលគឺចាប់ពីខែតុលា ឆ្នាំ២០២៥ ដល់ដើមខែកក្កដា ឆ្នាំ២០២៦) មន្ត្រីថៃបានបង្ក្រាបបទល្មើសធំៗរហូតដល់ ១៧៧ករណី រាប់ចាប់ពីការក្លែងប្រភពទំនិញ សំណល់គ្រោះថ្នាក់ រហូតដល់ការរត់ពន្ធកញ្ឆា ដោយបង្កើតការខូចខាតសេដ្ឋកិច្ចសរុបលើសពី ១,៣៧៧៨ ប៊ីលានបាត (ស្មើនឹងជាង ៤០លានដុល្លារអាមេរិក)។

សរុបមក ករណីរឹបអូសទំនិញក្លែងបន្លំប្រភពដើម និងគ្មានការអនុញ្ញាតជាបន្តបន្ទាប់នេះ មិនមែនជារឿងចៃដន្យ ឬជាករណីដាច់ដោយឡែកនោះឡើយ ប៉ុន្តែវាជាសញ្ញាព្រមានយ៉ាងច្បាស់អំពីវិបត្តិប្រព័ន្ធគ្រប់គ្រងរបស់ថៃ។ ទោះបីជានាយកដ្ឋានគយ និងស្ថាប័នពាក់ព័ន្ធបានប្រកាសពីវិធានការរឹតបន្តឹង និងដំឡើងកម្រិតទោសទណ្ឌយ៉ាងណាក៏ដោយ ប៉ុន្តែលំហូរទំនិញខុសច្បាប់ដែលមានទំហំរាប់ពាន់លានបាតនៅតែអាចជ្រៀតជ្រែកចូលមកបាន។ បញ្ហានេះបានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរលើ ប្រសិទ្ធភាពពិតប្រាកដនៃការអនុវត្តច្បាប់ ភាពស្មោះត្រង់របស់មន្ត្រី និងភាពងាយរងគ្រោះនៃប្រព័ន្ធសេដ្ឋកិច្ចថៃ ដែលកំពុងបណ្តោយឱ្យបណ្តាញពាណិជ្ជកម្មខុសច្បាប់អន្តរជាតិ យកដែនដី និងតំបន់ពាណិជ្ជកម្មសេរីរបស់ខ្លួនធ្វើជាឧបករណ៍កេងចំណេញ និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តពាណិជ្ជកម្មនៅលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕

ប្រភព៖ The Thaiger

Share.