ភ្នំពេញ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាគម្រប់ខួប ១ឆ្នាំ នៃទំព័រប្រវត្តិសាស្ត្រដ៏ឈឺចាប់ ដែលយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារ និងធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើទឹកដីកម្ពុជា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបន្សល់ទុកនូវស្លាកស្នាមគ្រាប់ផ្លោងយ៉ាងធ្ងន់ធ្ងរលើប្រាង្គប្រាសាទព្រះវិហារ។

ការខូចខាតដែលកើតឡើងលើផ្ទាំងថ្មបុរាណនៃប្រាសាទភាគជើងមិនត្រឹមតែជាការខូចខាតទ្រព្យសម្បត្តិរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានចាត់ទុកជាស្នាមរបួសដ៏សោកសៅលើអត្តសញ្ញាណជាតិ មរតកដូនតាខ្មែរ និងបេតិកភណ្ឌរួមរបស់មនុស្សជាតិទាំងមូល។
យោងតាមប្រវត្តិសាស្ត្រនៃជម្លោះកាលពីឆ្នាំ២០២៥ ការខូចខាតលើកដំបូងដែលបង្កឡើងដោយការបាញ់ប្រហាររបស់យោធាថៃក្នុងខែកក្កដា មិនបានទប់ស្កាត់ការប៉ះទង្គិចនោះឡើយ។ ឈានដល់រលកនៃសកម្មភាពយោធាលើកទី២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបន្តការបាញ់ប្រហារបន្ថែមទៀត ដែលបណ្តាលឱ្យប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកចុះបញ្ជីដោយអង្គការ UNESCO រងការខូចខាតកាន់តែធ្ងន់ធ្ងរ និងបង្ហាញពីការខ្វះការគោរពចំពោះតម្លៃវប្បធម៌អន្តរជាតិ។
សម្រាប់ប្រជាជាតិកម្ពុជា ប្រាសាទព្រះវិហារត្រូវបានផ្ទៀបដូចជា «កែវភ្នែក និងព្រលឹងនៃប្រវត្តិសាស្ត្រ» ដែលត្រូវបន្តថែរក្សា និងការពារយ៉ាងម៉ឺងម៉ាត់ដូច «ម្តាយដើមដែលស្រឡាញ់កូន»។ ការប្រៀបធៀបនេះបានឆ្លុះបញ្ចាំងពីភាពខុសគ្នារវាងកម្ពុជាដែលជាម្ចាស់ និងអ្នកការពារមរតកដើម ជាមួយនឹងភាគីបង្កជម្លោះដែលបានប្រើប្រាស់អាវុធបំផ្លាញបេតិកភណ្ឌដ៏ពិសិដ្ឋនេះ។
ទោះបីជាគ្រាប់ផ្លោងបានធ្វើឱ្យប្រាង្គប្រាសាទបុរាណរងការបាក់បែក និងខូចខាតរូបរាងខាងក្រៅយ៉ាងណាក៏ដោយ ប៉ុន្តែមិនអាចលុបបំបាត់ការពិតនៃប្រវត្តិសាស្ត្រ អធិបតេយ្យភាពស្របច្បាប់ និងកម្មសិទ្ធិរបស់កម្ពុជាលើប្រាសាទព្រះវិហារបានឡើយ។ ស្នាមរបួសលើផ្ទាំងថ្មទាំងនេះ នឹងបន្តស្ថិតជានិមិត្តរូប និងជាសាក្សីប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ និងសហគមន៍អន្តរជាតិ ក្នុងការបង្ហាញឱ្យឃើញច្បាស់រវាងកិច្ចខិតខំប្រឹងប្រែងការពារបេតិកភណ្ឌវប្បធម៌ និងការប្រើប្រាស់កម្លាំងយោធាបំពានលើទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោក៕

