ព្រះសីហនុ៖ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការបង្ហោះខ្លឹមសារលើបណ្តាញសង្គម Facebook ដែលមានការលើកឡើង និងចោទប្រកាន់ទៅលើមន្ត្រីនគរបាលម្នាក់ ដោយបានបញ្ជាក់អំពីដំណើរការស្រាវជ្រាវ សម្របសម្រួល និងលទ្ធផលនៃនីតិវិធីដែលបានអនុវត្តកន្លងមក។


តាមសេចក្តីបំភ្លឺ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធនឹងការបង្ហោះសាររបស់ម្ចាស់គណនី Facebook ឈ្មោះ «Long Dara Vichay» សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងរកឃើញថា ខ្លឹមសារនោះសំដៅលើលោក អនុសេនីយ៍ឯក ចៅ ជឿន នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់។
អធិការដ្ឋានបានបញ្ជាក់ថា ក្រោយពេលទទួលព័ត៌មាន បានអញ្ជើញលោក អនុសេនីយ៍ឯក ចៅ ជឿន មកសាកសួរ និងបន្តទំនាក់ទំនងទៅលោក ហេង បូរ៉ា ម្ចាស់គណនី Facebook ខាងលើ ដើម្បីស្វែងរកព័ត៌មានបន្ថែម និងដោះស្រាយបញ្ហាដែលបានកើតឡើង។
តាមសំណូមពររបស់លោក ហេង បូរ៉ា សមត្ថកិច្ចបានអញ្ជើញភាគីពាក់ព័ន្ធមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសម្របសម្រួល និងធ្វើកិច្ចព្រមព្រៀងបញ្ចប់ទំនាក់ទំនងរវាងភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ អធិការដ្ឋានក៏បានអនុវត្តការអប់រំ និងរាយការណ៍ស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការតាមវិន័យកងកម្លាំងនគរបាលជាតិ។
តាមសេចក្តីបំភ្លឺបានបន្តថា បន្ទាប់ពីមានការប្តឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីដែលបានលើកឡើង អយ្យការបានចេញលិខិតជូនដំណឹងតម្កល់រឿងទុកឥតចាត់ការ។



ដោយឡែក លោក អនុសេនីយ៍ឯក ចៅ ជឿន ក៏បានដាក់ពាក្យបណ្តឹងប្រឆាំងលោក ហេង បូរ៉ា ពាក់ព័ន្ធបទបរិហាកេរ្តិ៍ជាសាធារណៈតាមបណ្តាញសង្គម ហើយតុលាការបានសម្រេចឱ្យលោក អនុសេនីយ៍ឯក ចៅ ជឿន ឈ្នះក្តី និងបង្គាប់ឱ្យលោក ហេង បូរ៉ា សងសំណងរដ្ឋប្បវេណីចំនួន ១លានរៀល។ បន្ទាប់មក សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ក៏បានចេញសាលដីការរក្សាសេចក្តីសម្រេចដដែល។
អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបញ្ជាក់បន្ថែមថា លោក អនុសេនីយ៍ឯក ចៅ ជឿន ក៏បានទទួលការអនុវត្តវិន័យ និងការព្រមានតាមឋានានុក្រមរួចរាល់ ប៉ុន្តែតាមនីតិវិធី និងភស្តុតាងដែលមាន មិនមានមូលដ្ឋានឈានដល់ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់ថ្នាក់បណ្តេញចេញពីក្របខណ្ឌនោះឡើយ។
ជាមួយគ្នានេះ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គម ឱ្យប្រើប្រាស់ព័ត៌មានដោយមានការទទួលខុសត្រូវ ហើយប្រសិនបើមានបញ្ហា ឬមានភស្តុតាងពាក់ព័ន្ធបទល្មើសណាមួយ គួរដាក់ជូនស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

