ភ្នំពេញ៖ នាយទាហាននៃនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ រួមជាមួយក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះតំណាងយោធាមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាវេលាម៉ោង ១:០០ រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ។



ការប្តូរវេនកងកម្លាំងសន្តិភាពនេះ រួមមាននាយទាហានចំនួនពីររូប គឺវរសេនីយ៍ទោ Khamphet Fonglamay និងវរសេនីយ៍ទោ Singsavan Vongsouvanh ដែលត្រូវបានចាត់បញ្ជូនឱ្យមកចូលរួមបំពេញបេសកកម្មជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មនេះត្រូវបានដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយពេលបទឈប់បាញ់ត្រូវបានចូលជាធរមាន។
យ៉ាងណាមិញ ភាគីកម្ពុជាបានបញ្ជាក់ឡើងវិញនូវជំហរដាច់ខាតក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុម AOT ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ)។ ការចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបានមើលឃើញថជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់តម្លាភាព បង្កើនទំនុកចិត្តរវាងភាគីពាក់ព័ន្ធ និងជាពិសេសគឺការការពារសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់ដែលរស់នៅតាមតំបន់ព្រំដែន។ ជាមួយគ្នានេះ កម្ពុជាក៏បានសម្តែងនូវការស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្ត ក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ឬចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនេះ។
សូមជម្រាបថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

