ព្រះវិហារ៖ កូនឈើរាប់ពាន់ដើម ត្រូវបានដាំស្តារឡើងវិញលើទីតាំងដែលធ្លាប់រងការបំផ្លាញ ក្នុងតំបន់ការពារធម្មជាតិនៃខេត្តព្រះវិហារ ដើម្បីបង្កើនគម្របបៃតង ប្រែក្លាយតំបន់រងការរំខានឱ្យក្លាយជាព្រៃធម្មជាតិ និងជាជម្រកសត្វព្រៃឡើងវិញ។



សកម្មភាពដាំស្តារព្រៃឈើនេះ រៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមានការគាំទ្រពីអង្គការដៃគូ ក្រោមប្រធានបទ «យើងរួមគ្នាបង្កើនគម្របបៃតង ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨» ស្របតាមយុទ្ធសាស្ត្រទី២ «ភាពបៃតង»។
លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា ការដាំស្តារព្រៃឈើ និងថែទាំដំណាំធម្មជាតិ នៅតំបន់ដែលបានដកហូត មានគោលបំណងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ស្តារតំបន់ដែលរងការរុករាន និងបង្កើតឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ជម្រកសត្វព្រៃ និងជីវចម្រុះ។
ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានលើកទឹកចិត្តដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ឱ្យបន្តចូលរួមដាំដើមឈើ និងការពារធនធានធម្មជាតិ ព្រោះព្រៃឈើមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការរក្សាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ប្រយោជន៍ដល់ជីវភាពសហគមន៍តាមរយៈផលអនុផលព្រៃឈើផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការដាំដើមឈើ និងស្តារព្រៃឈើឡើងវិញ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារព្រៃឈើ សត្វព្រៃ និងជីវចម្រុះ ព្រមទាំងប្រែក្លាយតំបន់ដែលធ្លាប់រងការខូចខាតឱ្យក្លាយជាតំបន់បៃតងប្រកបដោយនិរន្តរភាព។
ពិធីដាំកូនឈើនេះ បានរៀបចំឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន រដ្ឋបាលខេត្ត មន្ត្រីឧទ្យានុរក្ស អង្គការដៃគូ និងប្រជាពលរដ្ឋសហគមន៍តំបន់ការពារធម្មជាតិជាច្រើននាក់៕
អត្ថបទ៖ ត្រយងតូច

