អគ្គលេខាធិការអាស៊ាន បណ្ឌិត កៅ គឹមហួន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាលើកដំបូង ជាមួយព្រះអង្គម្ចាស់ Abdul Mateen រដ្ឋមន្ត្រីការបរទេសថ្មីនៃប្រទេសប្រ៊ុយណេ ក្នុង​ឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ជំនួបនេះ ធ្វើឡើងបន្ទាប់ពីព្រះអង្គម្ចាស់ Abdul Mateen ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសរបស់​ប្រ៊ុយណេ កាលពីខែមិថុនា កន្លងទៅថ្មីៗនេះ។

នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗដែលកំពុងកើតមានឡើង ព្រមទាំងបានពិភាក្សាអំពីទិសដៅអាទិភាពរបស់អាស៊ាន ក្នុងការបន្តរុញច្រានការកសាង​សហគមន៍​អាស៊ានឱ្យកាន់តែរឹងមាំ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានគូសបញ្ជាក់ និងបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឹងម៉ាត់អំពីសារៈសំខាន់នៃ៖

  • ឯកភាពអាស៊ាន (ASEAN Unity)
  • ភាពធន់ (Resilience)
  • មជ្ឈភាពអាស៊ាន (ASEAN Centrality) ក្នុងការដោះស្រាយបញ្ហាតំបន់

ជាមួយគ្នានេះដែរ បណ្ឌិត កៅ គឹមហួន ក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការត្រៀមខ្លួនជាស្រេចដើម្បីផ្តល់កិច្ចគាំទ្រដល់ប្រទេសប្រ៊ុយណេ ក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងគោលដៅសម្រេចឱ្យបាននូវអាទិភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕

ប្រភព៖ ASEAN

https://troryorng.com/
Share.