នៅវេលាម៉ោង ០៥:១០ នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ អនុសេនីយ៍ត្រី Narin Bilson រងនាយប៉ុស្តិ៍ (ស៊ើបអង្កេត) នៃប៉ុស្តិ៍នគរបាលប៉ាតង ខេត្តភូកេត ទទួលបានព័ត៌មានពីមជ្ឈមណ្ឌលវិទ្យុប៉ាតងថា មានជនបរទេសម្នាក់បានស្លាប់នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងស្រុក Kathu ខេត្តភូកេត។ លោកក៏បានរាយការណ៍ជូនលោកវរសេនីយ៍ឯក Kornkrit Khankhreua មេបញ្ជាការនគរបាលប៉ាតង ឲ្យបានជ្រាប មុននឹងចុះទៅពិនិត្យកន្លែងកើតហេតុជាមួយមន្ត្រីពាក់ព័ន្ធ។

នៅកន្លែងកើតហេតុ បានប្រទះឃើញបុរសជនបរទេសម្នាក់ ដែលត្រូវបានស្គាល់ឈ្មោះនៅពេលក្រោយថាឈ្មោះ Vitalii អាយុ ២២ឆ្នាំ សញ្ជាតិរុស្សី ដេកសន្លប់បាត់ស្មារតីនៅក្នុងបន្ទប់។ ខណៈនោះ នៅមានសញ្ញាជីវិតនៅឡើយ ក្រុមសង្គ្រោះបន្ទាន់នៃមូលនិធិ Kusoldharm Phuket បានប្រញាប់ប្រញាល់ផ្តល់ការសង្គ្រោះបឋម ព្រមទាំងសម្របសម្រួលហៅរថយន្តសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យប៉ាតង ដើម្បីដឹកបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ដើម្បី​ព្យាបាល។

យ៉ាងណាមិញ ក្រោយមកបុរសជនជាតិរុស្សីរូបនោះបានទទួលមរណភាព។ ជំហានដំបូង មិនទាន់ដឹងពីមូលហេតុនៃការស្លាប់ច្បាស់លាស់នៅឡើយទេ ហើយសមត្ថកិច្ចបានបញ្ជូនសពទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ Vachira Phuket ដើម្បីកោសល្យវិច័យស្វែងរកមូលហេតុនៃការស្លាប់យ៉ាងលម្អិត។

ជាមួយគ្នានេះដែរ បានសម្របសម្រួលជាមួយនគរបាលទេសចរណ៍ នគរបាលអន្តោប្រវេសន៍ និងស្ថានទូតរុស្សីដើម្បីប្រាប់ដំណឹងដល់សាច់ញាតិឲ្យបានជ្រាប និងចាត់ចែងទទួលសពទៅធ្វើបុណ្យតាមប្រពៃណីសាសនា។ ទន្ទឹមនឹងនេះ មន្ត្រីស៊ើបអង្កេតថៃ គ្រាន់តែបញ្ជាក់​ថានឹងបន្តចាត់ការតាមនីតិវិធីប៉ុណ្ណោះ។

https://troryorng.com/
Share.