ភ្នំពេញ៖ ក្រសួងព័ត៌មានចាប់ផ្តើមធ្វើជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយយុទ្ធនាការជំរឿនពេលនេះ មានគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ គណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។

ការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនេះរៀបចំដោយក្រុមការងារជំរឿនក្រសួងព័ត៌មានសហការជាមួយក្រុមការងារចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ។
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ទីប្រឹក្សា ជំនួយការ និងមន្រ្តីរាជការមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមធ្វើជំរឿនក្នុងថ្ងៃទី១នៃការធ្វើជំរឿន។ ដោយឡែកថ្នាក់ដឹកនាំ និងមន្រ្តីរាជការផ្សេងៗទៀត ក៏នឹងត្រូវធ្វើជំរឿនគ្រប់ៗគ្នាទៅតាមកាលបរិច្ឆេទ និងទីតាំងដែលក្រុមការងារបានកំណត់នៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ។

សូមជម្រាបជូនថា យោងតាមសារាចររបស់រាជរដ្ឋាភិបាលលេខ១១ សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ការធ្វើបច្ចុប្បន្នភាព និងជំរឿននាពេលនេះមានគោលបំណងសំខាន់ៗចំនួន៤ គឺ៖
១.កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទរបស់ក្រសួងស្ថាប័ន
២.កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន
៣ ធ្វើបច្ចុប្បន្នភាពនិងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធ និងមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ននិង(៤)កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកបៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្ដែង៕

អត្ថបទ៖ត្រយងតូច

