ក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចេញលិខិតផ្លូវការមួយ ដោយបង្គាប់ឱ្យមន្ទីរពេទ្យឯកជន BLL ស្ថិតក្នុងរាជធានីវៀងច័ន្ទ ផ្អាកការផ្តល់សេវាព្យាបាលដល់អ្នកជំងឺថ្មីជាបណ្តោះអាសន្ន។ សេចក្ដីប្រកាសនេះធ្វើឡើងភ្លាមៗដើម្បីបើកផ្លូវឱ្យអាជ្ញាធរតំបន់ចុះស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលទិន្នន័យ ឆ្លើយតបទៅនឹងការព្រួយបារម្ភយ៉ាងខ្លាំងរបស់សាធារណជន បន្ទាប់ពីមានការលេចឮព័ត៌មានថា មន្ទីរពេទ្យនេះសង្ស័យជាទីតាំងលួចលាក់ធ្វើជំនួញ និងផ្លាស់ប្តូរសរីរាង្គមនុស្សដោយខុសច្បាប់ជូនដល់ជនជាតិចិន។

នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលឡាវ បានគូសបញ្ជាក់ថា ការផ្អាកសេវាព្យាបាលអ្នកជំងឺថ្មីជាបណ្តោះអាសន្ននេះ គឺដើម្បីសម្រួលដល់ក្រុមការងារជំនាញក្នុងការចុះពិនិត្យ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងសេវាកម្មកន្លងមករបស់មន្ទីរពេទ្យ BLL ឱ្យបានច្បាស់លាស់ និងផ្តល់យុត្តិធម៌ដល់គ្រប់ភាគីពាក់ព័ន្ធ។

ករណីសង្ស័យនេះបានផ្ទុះឡើងក្នុងអំឡុងមួយខែចុងក្រោយ នៅពេលដែល Influencer និងប្រព័ន្ធផ្សព្វផ្សាយឡាវ រួមទាំងប្រព័ន្ធផ្សព្វផ្សាយមកពីតៃវ៉ាន់ បានទម្លាយព័ត៌មានថា មន្ទីរពេទ្យ BLL ដែលជាមន្ទីរពេទ្យឯកជនល្បីឈ្មោះខាងសេវាសម្រាលកូន ត្រូវបានបណ្តាញឧក្រិដ្ឋជនឆ្លងដែនយកធ្វើជាទីតាំងលួចលាក់ទិញលក់ និងកាត់តសរីរាង្គមនុស្ស។

បើតាមរបាយការណ៍ដំបូងឱ្យដឹងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក ចូសេហ្វ អាការ៉ាវង្ស (Joseph Akaravong) អ្នកឥទ្ធិពលលើបណ្តាញសង្គមឡាវដែលមានអ្នកតាមដានជាង ៧១ ម៉ឺននាក់ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា មានមន្ទីរពេទ្យមួយនៅឡាវបានសហការជាមួយក្រុមវិនិយោគិន និងគ្រូពេទ្យចិន ធ្វើអាជីវកម្មទិញលក់ និងប្តូរសរីរាង្គមនុស្សខុសច្បាប់ ដោយអតិថិជនភាគច្រើនជាជនជាតិចិន។

បន្ទាប់មកក៏មានប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយបានរបាយការណ៍ស៊ើបអង្កេតពីសារព័ត៌មាន «The Reporter» របស់តៃវ៉ាន់ ក៏បានបញ្ជាក់ចំៗឈ្មោះមន្ទីរពេទ្យ BLL ពាក់ព័ន្ធនឹងករណីសង្ស័យខាងលើដែលមានទីតាំងស្ថិតនៅភូមិអាម៉ន មឿងសៃសេដ្ឋា រាជធានីវៀងច័ន្ទ។

យោងតាមការផ្សាយរបស់ «The Reporter» បានឱ្យដឹងថា មានប្រជាជនតៃវ៉ាន់ជាច្រើនរូបបានបាត់បង់ជីវិត បន្ទាប់ពីបានធ្វើដំណើរមកប្តូរសរីរាង្គនៅក្នុងប្រទេសឡាវ។ ដើម្បីស្វែងរកការពិត អ្នកសារព័ត៌មានរបស់ The Reporter បានក្លែងបន្លំខ្លួនជាអ្នកជំងឺដែលត្រូវការប្តូរសរីរាង្គ ហើយបានទាក់ទងទៅឈ្មួញកណ្តាលជនជាតិចិនម្នាក់។ ឈ្មួញរូបនោះបានណាត់ជួប និងរៀបចំឱ្យធ្វើដំណើរមកប្តូរសរីរាង្គនៅមន្ទីរពេទ្យ BLL ក្នុងរាជធានីវៀងច័ន្ទ ដោយទារតម្លៃសេវាចំនួន ១៥០,០០០ ដុល្លារអាមេរិក ជាមួយនឹងការអះអាងថាមន្ទីរពេទ្យមានឧបករណ៍សម្ភារគ្រប់គ្រាន់។

ទោះជាយ៉ាងណា នៅពេលអ្នកសារព័ត៌មានដេញដោលសួរដេញដោលអំពីប្រភពដើមនៃសរីរាង្គទាំងនោះ ឈ្មួញកណ្តាលមិនអាចផ្តល់ចម្លើយ ឬព័ត៌មានលម្អិតបានឡើយ។ ប្រភពដដែលបានបន្ថែមថា មន្ទីរពេទ្យ BLL ពុំដែលទទួលបានលិខិតអនុញ្ញាតជាផ្លូវការពីក្រសួងសុខាភិបាលឡាវ ក្នុងការបើកដំណើរការសេវាកាត់ត ឬប្តូរសរីរាង្គមនុស្សនោះឡើយ។

បន្ទាប់ពីរបាយការណ៍នេះត្រូវ បានទម្លាយទៀតដោយសារព័ត៌មានក្នុងស្រុកឡាវជាច្រើនដូចជា «Khào Sôt» និង «Manushya Lao» បានយកករណីសង្ស័យខាងលើទៅផ្សព្វផ្សាយបន្តយ៉ាងទូលំទូលាយ បង្កឱ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងសង្គមឡាវ រហូតឈានដល់ក្រសួងសុខាភិបាលចេញវិធានការផ្អាកដំណើរការមន្ទីរពេទ្យនេះជាបណ្តោះអាសន្នតែម្តង៕

Share.