ក្រសួងការបរទេសតៃវ៉ាន់បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលថៃ បន្ទាប់ពីបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមរវាងថៃ និងចិន ដោយបានលើកឡើងនឹងទទួលស្គាល់ថា តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃដែនដីចិន។

ការលើកឡើងបែបនេះបានធ្វើឱ្យតៃវ៉ាន់ហួសចិត្តដែលថៃបានបំភ្លេចមិត្តភាពចាស់ដែលធ្លាប់តែល្អោកល្អើននឹងគ្នា និងទើបតែបានប្រកាសផ្តល់ការបន្តគោលនយោបាយលើកលែងទិដ្ឋាការពិសេសជូនដល់ពលរដ្ឋថៃ សម្រាប់ដំណើរការចេញ-ចូលកោះតៃវ៉ាន់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

យោងតាមសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា បន្ទាប់ពីជំនួបពិភាក្សាផ្លូវការរវាងនាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរៈកុល និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង ភាគីថៃបានអះអាងថា ខ្លួននឹងមិនគាំទ្រចលនាឯករាជ្យរបស់តៃវ៉ាន់ឡើយ ព្រមទាំងសម្តែងការគាំទ្រចំពោះគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ទីក្រុងប៉េកាំងថែមទៀតផង។

ប្រតិកម្មទៅនឹងការវិវត្តដ៏ថ្មីសន្លាងនេះ លោក លីន ជៀឡុង (Lin Chia-lung) រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ បានថ្លែងអះអាងថា តៃវ៉ាន់ប្រឆាំងដាច់ខាតចំពោះទង្វើរបស់ចិនដែលតែងតែទាញយកផលប្រយោជន៍ពីរបៀបវារៈជំនួបអន្តរជាតិ ដើម្បីបំពាន និងកាត់បន្ថយស្វ័យភាពរបស់តៃវ៉ាន់លើឆាកអន្តរជាតិ។ លោកបានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅដែលរដ្ឋាភិបាលថៃដែលសុខចិត្តទទួលយកជំហររបស់ទីក្រុងប៉េកាំង ដោយមើលរំលងអង្គហេតុជាក់ស្តែង។

ពាក់ព័ន្ធនឹងសំណួរថា តើសេចក្តីថ្លែងការណ៍នេះអាចប៉ះពាល់ដល់គោលនយោបាយលើកលែងទិដ្ឋាការ (Visa-Free) រវាងប្រទេសទាំងពីរដែរឬទេ? លោក លីន ជៀឡុង បានបញ្ជាក់ថា គោលនយោបាយទិដ្ឋាការរបស់តៃវ៉ាន់គឺផ្អែកលើគោលការណ៍សមភាព និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកបានបន្ថែមថា តៃវ៉ាន់បានអំពាវនាវឱ្យប្រទេសថៃផ្តល់តម្លៃដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងភាគីទាំងពីរ និងបញ្ឈប់ការគាំទ្រសកម្មភាពឥទ្ធិពលរបស់ចិនមកលើតៃវ៉ាន់ ។

ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់បានព្រមានទៅថៃថា ការបណ្តោយឱ្យចិនបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ អាចនឹងធ្វើឱ្យប្រទេសថៃខ្លួនឯងអាចក្លាយជាជនរងគ្រោះនៃផលប៉ះពាល់នេះនៅថ្ងៃខាងមុខផងដែរ៕

Share.