ប៉ាតាយ៉ា៖ អាជ្ញាធរក្រុងប៉ាតាយ៉ា ប្រទេសថៃ កាលពីថ្មីៗនេះ បានចេញវិធានការក្ដៅគគុកមួយ ដោយបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសកុំឱ្យប្រាក់ទៅអ្នកសុំទាន និងអ្នកគ្មានផ្ទះសម្បែង ដោយសារតែបញ្ហានេះបាននិងកំពុងបំផ្លាញរូបភាពទេសចរណ៍ និងបង្កភាពវឹកវរយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង។

អាជ្ញាធរក្រុងប៉ាតាយ៉ា បានចុះត្រួតពិនិត្យតំបន់ឆ្នេរខ្សាច់ និងតំបន់ទេសចរណ៍ល្បីៗជាច្រើន បន្ទាប់ពីទទួលបានបណ្តឹងតវ៉ាពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករក្នុងស្រុក ថាមានជនអានាថាគ្មានផ្ទះសម្បែង និងអ្នកសុំទានជាច្រើននាក់ប្រមូលផ្ដុំគ្នានៅតាមតំបន់ឆ្នេរ និងបង្កផលរំខានដល់ភ្ញៀវទេសចរ។
កន្លងមក គេតែងតែឃើញអ្នកនយោបាយ និងសារព័ត៌មានថៃមួយចំនួនចេញមុខរិះគន់ និងវាយប្រហារមកលើប្រទេសជិតខាងថា សម្បូរអ្នកសុំទាន និងថែមទាំងបានចោទប្រកាន់ពលករដែលជាកម្លាំងស្នូលដែលធ្លាប់ជួយសម្រាលបន្ទុកការងារពលរដ្ឋខ្លួនផ្សេងៗទៀតផង។ ប៉ុន្តែ ព្រឹត្តិការណ៍នៅក្រុងប៉ាតាយ៉ានេះ បានបើកកកាយឱ្យឃើញនូវស្នាមប្រឡាក់នៅលើមុខខ្លួនឯងយ៉ាងច្បាស់ទៅវិញទេ។

ថ្វីបើថៃ តែងតែអួតអាងពីការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែការពិតជាក់ស្តែង នៅក្នុងទីក្រុងទេសចរណ៍ធំៗរបស់ថៃដូចជា ប៉ាតាយ៉ា ភូកេត និងបាងកក គឺសម្បូរទៅដោយជនអានាថា និងអ្នកសុំទានជនជាតិថៃដើរដេកតាមរទេះ តាមចិញ្ចើមផ្លូវ និងឆ្នេរខ្សាច់។
ថ្មីៗនេះអាជ្ញាធរក្រុងប៉ាតាយ៉ាបានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការដេញប្រមូលជនអនាថា និងអ្នកសុំទាននេះ ធ្លាប់ធ្វើឡើងជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្ដែមនុស្សមុខដដែលៗនៅតែត្រឡប់មកវិញ។ លើសពីនេះ ជនអនាថាភាគច្រើនបានបដិសេធមិនព្រមទៅស្នាក់នៅ នៅជំរុំសង្គមកិច្ចរបស់រដ្ឋាភិបាលថៃឡើយ ដោយពួកគេអះអាងថា សុខចិត្តដេកសុំប្រាក់តាមឆ្នេរខ្សាច់ប៉ាតាយ៉ាបានលុយ និងម្ហូបអាហារពីភ្ញៀវទេសចរបរទេសច្រើនជាង។ បញ្ហានេះបានធ្វើឱ្យអាជ្ញាធរក្នុងតំបន់ក្រពុលមុខដោយសារតែចរិតមានះរបស់ជនអនាថាទាំងអស់នោះ ដោយពួកគេបានបង្ហាញកាយវិកាមិនសមរម្យ និងអនាធិបតេយ្យនៅតំបន់ទេសចរណ៍ ហើយមានពេលខ្លះជនទាំងអស់នោះបានបង្កជម្លោះឈ្លោះប្រកែក និងគំរាមកំហែងភ្ញៀវទេសចរណាដែលមិនព្រមឱ្យប្រាក់ពួកគេទៀតផង។








រូបភាពដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ បានបង្ហាញពីទិដ្ឋភាពមន្ត្រីថៃប្រមូលអ្នកសុំទានឡើងរថយន្តយកទៅទម្លាក់ចោលនៅកន្លែងផ្សេង ប៉ុន្តែអាជ្ញាធរមិនបានបញ្ជាក់ពីនីតិវិធីច្បាស់លាស់ក្នុងការជួយសង្គ្រោះពួកគេរយៈពេលវែងនោះឡើយ។
បញ្ហានេះបានបញ្ជាក់យ៉ាងច្បាស់ថា វិបត្តិសង្គមកិច្ច និងគម្លាតក្រីក្រនៅក្នុងប្រទេសថៃ គឺមានជម្រៅជ្រៅខ្លាំង ដែលអាជ្ញាធរថៃមិនអាចដោះស្រាយបាន បានត្រឹមតែដេញចាប់ចោលឆាក ដើម្បីបាំងមុខបាំងមាត់យករួចខ្លួន និងរក្សារូបភាពទេសចរណ៍តែប៉ុណ្ណោះ។
មុននឹងថៃចង្អុលមុខរិះគន់ ឬតិះដៀលប្រទេសជិតខាង រឿងអ្នកសុំទាន ថៃគួរតែបែរមកមើលផ្ទះសម្បែងខ្លួនឯងឱ្យបានច្បាស់លាស់សិន ព្រោះទិដ្ឋភាពជនអនាថា និងអ្នកសុំទានថៃ រាប់ពាន់នាក់ដែលកំពុងរស់នៅយ៉ាងអនាធិបតេយ្យតាមផ្លូវសាធារណៈ គឺជាភស្តុតាងស្រាប់ ដែលមិនអាចប្រកែកបានឡើយ៕

