ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ថា ចំនួនអ្នកស្លាប់ដោយសារករណីបាក់ដីនៅក្នុងទីក្រុងឆុងឈីង (Chongqing) ភាគនិរតីនៃប្រទេសចិន កាលពីសប្តាហ៍មុន បានកើនឡើងដល់ ១១នាក់ហើយ ខណៈមនុស្សចំនួន ៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន និង ១០នាក់ទៀតបានរងរបួស។

បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងកំហុកកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ផ្នែកខ្លះនៃជើងភ្នំបានបាក់រលំនៅក្នុងស្រុកផេងស៊ុយ (Pengshui) ដែលជាតំបន់ល្បីល្បាញខាងតំបន់ទេសភាពធម្មជាតិ មានចម្ងាយប្រមាណ ២៧០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងឆុងឈីង។ ផ្ទាំងថ្ម និងកម្ទេចកម្ទីបានធ្លាក់សង្កត់លើបណ្តុំអគារស្នាក់នៅ និងអាជីវកម្មនៅតាមដងទន្លេដែលស្ថិតនៅខាងក្រោម បណ្តាលឱ្យបាក់រលំតែម្តង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ិនហួរ (Xinhua) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីការរុករក និងស្វែងរកសញ្ញាមានជីវិតជាច្រើនជុំ ក្រុមការងារមិនបានជួបប្រទះសញ្ញាណាមួយថា មានអ្នករស់រានមានជីវិតឡើយ។

សារព័ត៌មានស៊ិនហួរបានឱ្យដឹងទៀតថា ក្រុមជំនាញកំពុងបន្តប្រតិបត្តិការ ដើម្បីស្វែងរកអ្នកដែលកំពុងបាត់ខ្លួន ខណៈកាលពីថ្ងៃទី១៧ ចំនួនអ្នកស្លាប់ត្រឹមតែ ៨នាក់ និងបាត់ខ្លួន ៣៤នាក់ប៉ុណ្ណោះ។

ដើមសប្តាហ៍នេះ ក្រុមសង្គ្រោះបានប្រើប្រាស់រំសេវផ្ទុះដើម្បីបំផ្ទុះផ្ទាំងថ្មធំៗ ដែលជារបាំងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងទៀតថា ដោយសារតែបរិមាណនៃកម្ទេចកម្ទីដែលបាក់រលំនៅកន្លែងកើតហេតុមានទំហំធំ ផ្ទាំងថ្មធំៗមានច្រើន លំហប្រតិបត្តិការមានភាពចង្អៀត ព្រមទាំងស្ថិរភាពជម្រាលភ្នំមានកម្រិតទាប ធ្វើឱ្យប្រតិបត្តិការសង្គ្រោះជួបការលំបាកជាខ្លាំង។

គួរបញ្ជាក់ថា ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រឈមមុខនឹងគ្រោះបាក់ដីខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ មនុស្សសរុបប្រមាណ ២៩៤នាក់បានស្លាប់នៅទូទាំងប្រទេស នៅក្នុងហេតុការណ៍បាក់ដីធំៗ និងធ្ងន់ធ្ងរយ៉ាងហោចណាស់ ៥លើក។

ហេតុការណ៍ដ៏អាក្រក់បំផុតបានសម្លាប់មនុស្សជាង ៧០នាក់ កាលពីខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីមានការបាក់រលំគំនរកម្ទេចកម្ទីសំណង់ដ៏ធំមួយនៅក្នុងឧទ្យានឧស្សាហកម្មមួយកន្លែង ក្នុងទីក្រុងបច្ចេកវិទ្យាសិនជិន (Shenzhen) ភាគខាងត្បូងប្រទេសចិន៕

ប្រភព៖ CNA

Share.