បាត់ដំបង៖ ជនជាប់ឃុំសរុបចំនួន ១៥០នាក់ ក្នុងនោះស្ត្រី ៥នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តបាត់ដំបង ទៅឃុំបន្តនៅពន្ធនាគារខេត្តប៉ៃលិន ដើម្បីបន្ធូរភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ប្រតិបត្តិការផ្ទេរនេះ ធ្វើឡើងដោយមានការអនុញ្ញាតជាគោលការណ៍ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការអនុវត្តត្រូវបានសហការរវាងពន្ធនាគារខេត្តបាត់ដំបង អាជ្ញាធរខេត្ត អយ្យការអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធ។ ការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំ ត្រូវបានដឹកនាំផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈឹម សុផាណារ៉ាត ប្រធាននាយកដ្ឋានប្រតិបត្តិ។

សកម្មភាពនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងបរិវេណពន្ធនាគារខេត្តបាត់ដំបង ដោយមានការរៀបចំ និងអនុវត្តតាមវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង។

អត្ថបទ៖ចតុម្មុខ

Share.