សមត្ថកិច្ចថៃបានបញ្ជាក់ថា បំណែកសពមនុស្សដែលត្រូវបានគេប្រទះឃើញនៅក្នុងស្រែមួយកន្លែង ក្នុងខេត្តសុរិន្ទ គឺជាសពរបស់បុរសមានជំងឺផ្លូវចិត្តម្នាក់ ដែលបានបាត់ខ្លួនអស់រយៈពេល ២៥ថ្ងៃមកហើយ។ ការរកឃើញដ៏រន្ធត់នេះបានកើតឡើង បន្ទាប់ពីអ្នកភូមិបានប្រទះឃើញសត្វឆ្កែអនាថា ១ក្បាលកំពុងខាំពាំដៃមនុស្សពាក់នាឡិកាដៃពណ៌ខ្មៅមួយចំហៀង។ ក្រោយទទួលបានតម្រុយនេះ កម្លាំងសមត្ថកិច្ចបានចុះឆែកឆេរតំបន់ឃុំកែ ស្រុករតនបុរី រហូតបានប្រទះឃើញសពបុរសម្នាក់នៅក្នុងស្រែក្បែរនោះ ដោយដៃស្តាំរបស់គាត់ត្រូវដាច់ហើយមានកាំបិតអ៊ីណុកមួយដើមនៅក្បែរសព។

សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនរងគ្រោះមានឈ្មោះ កូសិត អាយុ ៤៨ឆ្នាំ បន្ទាប់ពីពិនិត្យមើលនាឡិកាដៃ សម្លៀកបំពាក់ និងទិន្នន័យមនុស្សបាត់ខ្លួន ដោយមានការអះអាងបន្ថែមពីក្រុមគ្រួសារ។ លោក កូសិត បានបាត់ខ្លួនតាំងពីថ្ងៃទី២៨ ខែមិថុនា បន្ទាប់ពីដើរចេញពីផ្ទះ។ សាច់ញាតិបានរៀបរាប់ថា គាត់បានឈប់លេបថ្នាំព្យាបាលជំងឺផ្លូវចិត្ត ធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរ រហូតមានអារម្មណ៍ភ័យខ្លាច និងតក់ស្លុតដោយគិតថា គ្រួសារនឹងនាំគាត់ទៅមន្ទីរពេទ្យ។ រហូតដល់ថ្ងៃបាត់ខ្លួន គាត់បានកាន់កាំបិតអ៊ីណុកមួយដើម រួចដើរចូលទៅក្នុងវាលស្រែ និងព្រៃក្បែរផ្ទះ។

សមត្ថកិច្ចជឿជាក់ថា លោក កូសិត អាចជាវង្វេងផ្លូវ រហូតដល់ស្លាប់ព្រោះតែដាច់បាយ ទឹក និងអស់កម្លាំង ដោយស្ថានភាពជំងឺរបស់គាត់ជាកត្តារួមផ្សំ។ នៅពេលរកឃើញ សពស្ថិតក្នុងស្ថានភាពស្អុយរលួយខ្លាំង សមត្ថកិច្ចសន្និដ្ឋានថា គាត់បានស្លាប់ជាច្រើនថ្ងៃមកហើយ ហើយឆ្កែអនាថាក្នុងតំបន់អាចនឹងមកខាំស៊ីសព រួចពាំដៃស្តាំនោះចេញទៅ។

បើទោះបីជាគ្រួសារមិនសង្ស័យលើករណីឃាតកម្មក៏ដោយ សពត្រូវ បានបញ្ជូនទៅធ្វើកោសល្យវិច័យដើម្បីបញ្ចប់ការស៊ើបអង្កេត។ ដោយឡែក នៅក្នុងករណីស្រដៀងគ្នានេះដែរ នៅខេត្តតាក ឆ្កែអនាថាមួយក្បាលក៏បានពាំឆ្អឹងចេញពីព្រៃស្មៅមកលើផ្លូវ ដែលនាំឱ្យគេប្រទះឃើញបាវមួយមានផ្ទុកសពរលួយរបស់ក្មេងស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ផងដែរ៕

ប្រភព៖ The Thaiger

Share.