កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវឱ្យបានគង់វង្ស ដោយបញ្ជាក់ថា ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច ដែលជួយសម្រួលការដឹកជញ្ជូនកសិផល កាត់បន្ថយពេលវេលាធ្វើដំណើរ និងធានាសុវត្ថិភាពសម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

ការអំពាវនាវនេះ ធ្វើឡើងដោយឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ នៃគម្រោងថែទាំជាប្រចាំផ្លូវចំនួន ១០ខ្សែ ដែលមានប្រវែងសរុប ១៣៣,៩៧០ម៉ែត្រ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

គម្រោងនេះ រួមមានផ្លូវក្រាលកៅស៊ូ DBST ចំនួន៣ខ្សែ និងផ្លូវក្រាលល្បាយក្រួសចំនួន៧ខ្សែ ស្ថិតនៅក្នុងស្រុកប្រាសាទបល្ល័ង្ក បារាយណ៍ កំពង់ស្វាយ ប្រាសាទសំបូរ និងសន្ទុក អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដោយប្រើប្រាស់ថវិកាជំពូក៦១។

ក្នុងឱកាសនោះ ឯកឧត្តម ផូ ផារិទ្ធ ក៏បានជំរុញឱ្យមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់ផ្លូវ បន្តចូលរួមថែទាំផ្លូវសាធារណៈ និងប្រើប្រាស់ផ្លូវដោយការទទួលខុសត្រូវ ដើម្បីរក្សាគុណភាពផ្លូវឱ្យបានយូរអង្វែង និងធានាភាពងាយស្រួល សុវត្ថិភាពក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីការចុះត្រួតពិនិត្យ និងពិភាក្សាបច្ចេកទេស គណៈកម្មាធិការអន្តរក្រសួងបានឯកភាពទទួលយកគម្រោងថែទាំផ្លូវទាំង១០ខ្សែនេះ។

Share.