យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Standard របស់ប្រទេសថៃបានផ្សយាឱ្យដឹងថា ការសម្រេច​បិទ​ច្រកទ្វារព្រំដែនគោកទាំងអស់រវាងថៃ និងកម្ពុជា ដែលបានអូសបន្លាយពេលដល់គម្រប់ខួប ១ឆ្នាំពេញ ពោលគឺនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បាន និងកំពុងបន្តជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើវិស័យសេដ្ឋកិច្ចព្រំដែន​របស់ប្រទេសថៃ ខណៈភាគីពាណិជ្ជករថៃបានសម្តែងការត្អូញត្អែរពីការខាតបង់ចំណូលរាប់សែនលានបាត រហូតធ្វើឱ្យចំណែកទីផ្សារទំនិញថៃនៅក្នុងប្រទេសកម្ពុជា ត្រូវធ្លាក់ទៅលើដៃគូប្រកួតប្រជែងសំខាន់ៗដូចជា ប្រទេស​វៀតណាម​ និងចិន ក្តោបក្តាប់ជំនួសវិញ។

ប្រភពដដែលបានផ្សាយថា បើតាមការចុះពិនិត្យស្ថានភាពផ្ទាល់ និងការបើកវេទិកាស្តាប់បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដោយគណៈកម្មាធិការច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស នៃរដ្ឋសភាថៃ ដឹកនាំដោយលោក រ៉ាំងស៊ីម៉ាន់ រ៉ូម (Rangsiman Rome) នៅខេត្តស្រះកែវ កាលពីពេលថ្មីៗនេះ បានបង្ហាញទិន្នន័យគួរឱ្យព្រួយបារម្ភថា ទំហំពាណិជ្ជកម្មព្រំដែនដែលធ្លាប់តែបង្កើតចំណូលមហាសាលឱ្យប្រទេសថៃ បានធ្លាក់ចុះមកនៅត្រឹម «សូន្យបាត» នៅក្នុងឆ្នាំ២០២៦ នេះ។ ចំណុចគួរឱ្យកត់សម្គាល់រួមមាន៖

១. តួលេខពាណិជ្ជកម្មធ្លាក់ដល់បាត

លោកស្រី ចារុវ៉ាន់ ហេមយ៉ាកន (Jaruwan Hemyakon) ប្រធានគយនៅស្រុកអរញ្ញ បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០២៤ មុនពេលមានវិបត្តិជម្លោះកើតឡើង ខេត្តស្រះកែវតែមួយ មានទំហំពាណិជ្ជកម្មព្រំដែនជាមធ្យមរហូតដល់ ១០,០០០លានបាតក្នុងមួយខែ ដោយភាគីថៃជាអ្នកទទួលបានអតិរេកពាណិជ្ជកម្មយ៉ាងច្រើនលើសលប់លើមុខទំនិញប្រើប្រាស់ គ្រឿងភេសជ្ជៈ ប្រេងឥន្ធនៈ និងយានយន្ត។

ទោះជាយ៉ាងណា បន្ទាប់ពីការបិទច្រកព្រំដែននាពាក់កណ្តាលឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយបានឈានដល់កម្រិតសូន្យបាត នៅក្នុងឆ្នាំ២០២៦។ ស្ថានភាពកាន់តែអាក្រក់ឡើងសម្រាប់ពាណិជ្ជករថៃ បន្ទាប់ពីកម្ពុជាបានដាក់ចេញនូវវិធានការរឹតបន្តឹង និងហាមឃាត់ការនាំចូលទំនិញតាមផ្លូវគោកពីប្រទេសថៃ រួមទាំងការដឹកជញ្ជូនវាងតាមច្រកប្រទេសឡាវកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

វិធានការនេះ បានធ្វើឱ្យក្រុមក្រុមហ៊ុននាំចេញរបស់ថៃត្រូវខាតបង់ចំណូលទាំងស្រុង រហូតប្រឈមនឹងការជំពាក់បំណុលធនាគារវ័ណ្ឌក និងមិនអាចរកទីផ្សារថ្មីមកជំនួសបាន។ ស្របពេលជាមួយគ្នានេះ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានចង្អុលបង្ហាញថា ទំនិញមកពីប្រទេសចិនបានស្ទុះឡើងទៅក្តោបក្តាប់ទីផ្សារនាំចូលនៅកម្ពុជា រហូតដល់ ៤០% ទៅ ៤៨% ខណៈទំនិញមកពីប្រទេសវៀតណាម ដូចជា អាហារកែច្នៃ ផលិតផលកសិកម្ម សម្ភារសំណង់ និងវត្ថុតាំងដើមកាត់ដេរ ក៏បានពង្រីកឥទ្ធិពលយ៉ាងឆាប់រហ័ស ជំនួសទីផ្សារទំនិញថៃដែលធ្លាប់ទទួលបានការនិយមពីមុនផងដែរ។

២.វិស័យទេសចរណ៍ និងកម្លាំងពលកម្មជាប់គាំង

មិនត្រឹមតែវិស័យពាណិជ្ជកម្មទំនិញប៉ុណ្ណោះទេ វិស័យសេវាកម្ម និងទេសចរណ៍នៅតាមខេត្តជាប់ព្រំដែនថៃ ក៏ត្រូវបានទទួលស្គាល់ថាជាប់គាំងស្ទើរតែទាំងស្រុងដូចគ្នា។ ជាក់ស្ដែង លោកស្រី រ៉ុងណាក់ផា ថៃឈៀង (Rungnapa Thaichiang) អគ្គលេខាធិការក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ខេត្តស្រះកែវ បានឱ្យដឹងថា អាជីវកម្មសណ្ឋាគារ ផ្សារទំនើបនិងទេសចរណ៍ក្នុងតំបន់បានបាត់បង់ចំណូលពេញ ១ឆ្នាំ ហើយត្រូវរ៉ាប់រងចំណាយថែទាំស្មើដើម ខណៈគ្មានភ្ញៀវទេសចរ ឬអាជីវករធ្វើដំណើរឆ្លងកាត់ដូចមុនឡើយ។

បន្ថែមលើសពីនេះ វិស័យឧស្សាហកម្ម និងកសិកម្មថៃ ក៏កំពុងប្រឈមមុខនឹងវិបត្តិខ្វះខាតពលករកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ លោក ណាត់ថាវុត វាំងផាណាវង្ស ប្រធានសមាគមពាណិជ្ជកម្មនាំចូលពលកររទេសនៅថៃ បានព្រមានថា ពលករកម្ពុជាក្នុងប្រព័ន្ធ MOU ជាង ៥៦៤,០០០នាក់ នឹងត្រូវផុតកំណត់អនុញ្ញាតធ្វើការនៅក្នុងឆ្នាំ២០២៦ នេះ។ ប្រសិនបើគ្មានការសម្រួល ឬបន្តពន្យារពេលទេ អាជីវកម្មថៃជាច្រើនដែលពឹងផ្អែកលើកម្លាំងពលករកម្ពុជា នឹងត្រូវបង្ខំចិត្តបិទទ្វារ។

៣. ក្រុមវិនិយោគិន និងអាជីវកម្មជាច្រើនត្រៀមដកថយ

លោក ស៊ុរ៉ាសាក់ ឈីងណាវ៉ាន់ (Surasak Chingnawan) តំណាងរាស្ត្រខេត្តស្រះកែវ បានវាយតម្លៃថា សេដ្ឋកិច្ចតំបន់ព្រំដែនដែលធ្លាប់តែពឹងផ្អែកលើពាណិជ្ជកម្មជាមួយកម្ពុជាជាង ២០ឆ្នាំមកនេះ នឹងមិនអាចងើបឡើងវិញបានឡើយ ដរាបណាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមិនទាន់មានការបើកជំនួបចរចាពាណិជ្ជកម្មជាផ្លូវការ។

ជាមួយគ្នានេះ លោក រ៉ាំងស៊ីម៉ាន់ រ៉ូម ប្រធានគយណៈកម្មាធិការរដ្ឋសភាថៃ បានសរុបសេចក្តីព្រមានថា ប្រសិនបើរដ្ឋាភិបាលថៃគ្មានវិធានការសង្គ្រោះបន្ទាន់ ដូចជាការសង្រ្គោះបំណុល ឬការលើកលែងពន្ធទេនោះ ក្នុងរយៈពេល ១ ទៅ ២ឆ្នាំខាងមុខ ក្រុមវិនិយោគិន និងអាជីវកម្មជាច្រើននៅតាមព្រំដែន នឹងសម្រេចចិត្តបិទកិច្ចការ និងដកថយទាំងស្រុង ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចតំបន់ព្រំដែនថៃធ្លាក់ចូលទៅក្នុងភាពស្រពោន និងស្ងប់ស្ងាត់ក្នុងរយៈពេលវែងតែម្ដង៕

Share.