ភ្នំពេញ៖ វិស័យកសិ-ពាណិជ្ជកម្មរបស់កម្ពុជា បានស្គាល់នូវរបត់បោះជំហានទៅមុខយ៉ាងប្រកបដោយមោទនភាព តាមរយៈការបំបែកកំណត់ត្រាថ្មីនៃការនាំចេញទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រហូតដល់ ៥ ៧៣៨ តោន នៅក្នុងរយៈពេលត្រឹមតែ ៧ ខែដើមឆ្នាំ២០២៦ នេះ។ តួលេខដ៏គួរឱ្យកត់សម្គាល់នេះ តំណាងឱ្យកំណើនស្ទុះហក់ឡើងជិត ៤០ ដង បើប្រៀបធៀបនឹងបរិមាណនាំចេញសរុបពេញមួយឆ្នាំ២០២៥ កន្លងទៅ។

យោងតាមការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កត្តាគន្លឹះនៅពីក្រោយការកើនឡើងយ៉ាងគំហុកនេះ គឺកើតចេញពីការបើកច្រកដឹកជញ្ជូនពាណិជ្ជកម្មថ្មីឆ្លងកាត់ប្រទេសឡាវទៅកាន់ប្រទេសចិន ដែលបាន និងកំពុងកាត់បន្ថយពេលវេលាដឹកជញ្ជូនយ៉ាងច្រើន។ ថ្វីដ្បិតតែច្រកដឹកជញ្ជូនថ្មីនេះ ទើបតែដាក់ឱ្យដំណើរការក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែបានរួមចំណែកស្រូបយកបរិមាណនាំចេញទុរេនសរុបរហូតដល់ជិត ១០% នៃការនាំចេញទៅប្រទេសចិនប្រចាំឆ្នាំ២០២៦ នេះរួចស្រេចទៅហើយ។
នៅក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនជើងទី១ របស់ក្រុមហ៊ុន ប៊ិច ចិន្តា នៅក្នុងខេត្តបាត់ដំបង លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ក្រុមហ៊ុនរូបនេះបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម ក្នុងការចុះបញ្ជីទីតាំងវេចខ្ចប់ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានសិទ្ធិនាំចេញផ្ទាល់ទៅកាន់ទីផ្សារចិន។
ចំណុចគួរឱ្យកត់សម្គាល់នោះ គឺក្រុមហ៊ុនបញ្ជាទិញមកពីប្រទេសចិន ដែលពីមុនធ្លាប់តែទិញ និងនាំចូលទុរេនពីប្រទេសថៃ បានសម្រេចចិត្តប្តូរទិសដៅមកបញ្ជាទិញ និងនាំចេញផ្ទាល់ពីកម្ពុជាវិញ។ ការផ្លាស់ប្តូរទិសដៅពាណិជ្ជកម្មនេះ ធ្វើឡើងបន្ទាប់ពីភាគីចិនបានវាយតម្លៃខ្ពស់ថា ទុរេនកម្ពុជាមាន គុណភាពល្អជាង តម្លៃមានប្រៀបប្រកួតប្រជែងជាង និងមាន ប្រព័ន្ធដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាព។
យ៉ាងណាមិញនៅក្នុងថ្ងៃសម្ពោធនោះ ក្រុមហ៊ុនបានបញ្ចេញទុរេនស្រស់ចំនួន ៣ កុងតែន័រ (ប្រមាណជាង ៥០ តោន) ហើយបានគ្រោងបន្តនាំចេញបន្ថែមប្រហែល ២០០ តោនទៀត ក្នុងរយៈពេល ១ ទៅ ២ សប្តាហ៍ខាងមុខ។
លោក អនុរដ្ឋលេខាធិការ បានពន្យល់បន្ថែមថា ការចរចាបើកទីផ្សារនាំចេញទុរេនទៅកាន់ប្រទេសចិន បានចំណាយពេល និងកិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ បញ្ហាប្រឈមចម្បងដែលធ្លាប់ជាឧបសគ្គធំ គឺផ្លូវដឹកជញ្ជូនតាមកប៉ាល់សមុទ្រ ដែលត្រូវចំណាយពេលពី ១៥ ទៅ ២០ ថ្ងៃ ដែលជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាព និងភាពស្រស់នៃផលដំណាំកសិកម្ម។
ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកសិកម្មបានខិតខំចរចាបើកផ្លូវ Transit ឆ្លងកាត់ប្រទេសឡាវ ដោយជោគជ័យ ដែលកាត់បន្ថយរយៈពេលដឹកជញ្ជូនមកនៅត្រឹមតែ ៥ ថ្ងៃ ប៉ុណ្ណោះ។ ការសម្រួលផ្លូវគោកថ្មីនេះ បានធ្វើឱ្យវិស័យឯកជនចាប់ផ្តើមងាកមកប្រើប្រាស់ច្រកនេះជាប្រចាំ និងរលូន ដែលជាកាតាលីកររុញច្រានការនាំចេញឱ្យមានសន្ទុះលឿនជាងមុន។
ក្រសួងកសិកម្មបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានជួយឱ្យតួអង្គទាំងអស់នៅក្នុង «ខ្សែច្រវាក់តម្លៃទុរេន» ចាប់តាំងពីកសិករ សហគមន៍ ម្ចាស់ចំការ រោងចក្រវេចខ្ចប់ រហូតដល់ក្រុមហ៊ុនដឹកជញ្ជូនទទួលបានផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង និងស្មើភាពគ្នា។
ទន្ទឹមនឹងលទ្ធផលវិជ្ជមាននេះ តំណាងក្រសួងកសិកម្មក៏បានអំពាវនាវ និងក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តរក្សានូវ ភាពស្មោះត្រង់ គោរពតាមបទដ្ឋានភូតគាមអនាម័យនៃការនាំចេញ និងប្រកាន់ខ្ជាប់នូវការថែរក្សាគុណភាពឱ្យបានល្អបំផុត ដើម្បីធានាថា ទុរេនកម្ពុជាអាចរក្សាបាននូវរសជាតិ និងកសាងកេរ្តិ៍ឈ្មោះនៅលើទីផ្សារអន្តរជាតិបានយូរអង្វែង ក្នុងថ្ងៃអនាគត៕

