ភ្នំពេញ៖ ឧប្បត្តិហេតុផ្ទុះធុងខ្យល់មួយ បានកើតឡើងនៅកន្លែងជួសជុលម៉ូតូមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាង ប៉ុន្តែមិនបណ្ដាលឱ្យមានអ្នករងរបួសឡើយ គ្រាន់តែខូចខាតសម្ភារ។



ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់កន្លែងកំពុងអង្គុយផ្សារដែក និងជួសជុលគ្រឿងម៉ូតូ ស្រាប់តែធុងខ្យល់ថ្មស្អុយផ្ទុះឡើង លាន់ដូចសំឡេងគ្រាប់បែក បណ្ដាលឱ្យអ្នកនៅជុំវិញភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បន្ទាប់ពីកើតហេតុ អាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យ និងសាកសួរ ដោយបញ្ជាក់ថា ករណីនេះមិនបណ្ដាលឱ្យមានអ្នករងរបួសឡើយ គ្រាន់តែបង្កការខូចខាតសម្ភារមួយចំនួន៕
អត្ថបទ៖ តាតុងសែនជ័យ

