ករណីនាំចូលគ្រឿងញៀនឆ្លងដែនដែលពាក់ព័ន្ធនឹងជនជាតិថៃបានផ្ទុះឡើងជាថ្មីទៀតហើយ ដោយលើកនេះបានកើតឡើងនៅប្រទេសជប៉ុន បន្ទាប់ពីឪពុកម្តាយរបស់ស្ត្រីរងគ្រោះម្នាក់បានចេញមុខអំពាវនាវសុំជំនួយពីអាជ្ញាធរ ដោយសារកូនស្រីត្រូវប៉ូលីសជប៉ុនចាប់ខ្លួននៅព្រលានយន្តហោះ ក្រោយរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក (Ice) លាក់ទុកយ៉ាងជិតស្និទ្ធក្នុងកញ្ចប់កាហ្វេ។

យោងតាមការរៀបរាប់ពីលោក ធនាស័ក្ត និងអ្នកស្រី កញ្ញាវី ដែលជាឪពុកម្តាយ បានឱ្យដឹងថា កូនស្រីរបស់ពួកគាត់ឈ្មោះ ជុថារ័ត្ន អាយុ ២៨ ឆ្នាំ រួមជាមួយមិត្តប្រុស និងមិត្តភក្តិម្នាក់ទៀត ដែលជាអ្នករត់ការស៊ីឈ្នួលយួរអីវ៉ាន់ (ទទួលផ្ញើទំនិញ) ឱ្យជនជាតិថៃនៅជប៉ុន បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះដុនមឿង ប្រទេសថៃ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦។ លុះទៅដល់ព្រលានយន្តហោះហ្វូគូអូកា ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី ១២ ខែកក្កដា មន្ត្រីគយជប៉ុនបានធ្វើការឆែកឆេរកញ្ចប់អីវ៉ាន់ ហើយក៏បានរកឃើញថ្នាំញៀនប្រភេទ Ice លាក់នៅក្នុងកញ្ចប់កាហ្វេ រហូតឈានដល់ការឃាត់ខ្លួននាងតែម្តង។

លោក សារ៉ាវុធ មិត្តប្រុសរបស់ស្ត្រីដែលត្រូវគេចាប់ខ្លួន បានទម្លាយថា រូបគេ និងមិត្តស្រីបានបើកក្រុម Line រកស៊ីទទួលយួរអីវ៉ាន់ឆ្លងប្រទេស។ កាលពីថ្ងៃទី ១០ ខែកក្កដា មានអតិថិជនម្នាក់ប្រើគណនី Line ឈ្មោះ “ing ing” បានជួលឱ្យពួកគេយួរអីវ៉ាន់ទម្ងន់ ១២ គីឡូក្រាម ដាក់ក្នុងប្រអប់ក្រដាសបិទជិតស្កុតយ៉ាងណែន ដោយបង់ប្រាក់ឈ្នួលចំនួន ៣,៦០០ បាត (តាមរយៈគណនីឈ្មោះ HO THI MAI)។ ដោយសារអតិថិជនរូបនេះធ្លាប់ប្រើប្រាស់សេវាកម្មជួលផ្ញើអីវ៉ាន់កាលពីខែឧសភាម្ដងរួចមកហើយ ទើបពួកគេមិនមានការសង្ស័យ ឬបើកមើលខាងក្នុងប្រអប់នោះឡើយ។

ផ្អែកលើហេតុការណ៍នេះ បន្ទាប់ពីអីវ៉ាន់ត្រូវប៉ូលីសជប៉ុនរឹបអូស និងឃាត់ខ្លួននាង ជុថារ័ត្ន អតិថិជនម្ចាស់ប្រអប់អីវ៉ាន់នោះមិនបានមកទទួលទំនិញឡើយ ហើយថែមទាំងបានបិទ (Block) ឆានែលទំនាក់ទំនងចោលទាំងអស់។


បច្ចុប្បន្ន គ្រួសាររងគ្រោះបានយកភស្តុតាងជុំវិញកាមេរ៉ាសុវត្ថិភាព និងប្រវត្តិឆាតទាំងអស់ទៅប្រគល់ជូនប៉ូលីសថៃនៅប៉ុស្តិ៍ Bang Bua Thong ដើម្បីឱ្យស្រាវជ្រាវតាមចាប់ខ្លួនក្រុមបណ្តាញដែលទម្លាក់កំហុស និងបោកប្រាស់កូនស្រីរបស់ពួកគាត់។ ម្តាយរបស់នាងបានទទួលស្គាល់ទាំងទឹកភ្នែកថា កូនស្រីមានការប្រហែសមិនបានត្រួតពិនិត្យអីវ៉ាន់ឱ្យបានល្អ ប៉ុន្តែបានអះអាងយ៉ាងមុតមាំថា កូនស្រីមិនដែលពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ ហើយបានអំពាវនាវសុំឱ្យក្រសួងការបរទេស និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍កាត់បន្ថយទោស និងផ្តល់យុត្តិធម៌ដល់កូនស្រីដែលរងគ្រោះដោយសារចាញ់បោកបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនមួយនេះផងដែរ។
ករណីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីវិបត្តិគ្រឿងញៀននៅក្នុងប្រទេសថៃ ដែលកំពុងតែរីករាលដាលយ៉ាងធ្ងន់ធ្ងរ និងហូរហៀរចេញទៅកាន់ប្រទេសទីពីរ និងទីបី។ ប្រទេសថៃមិនត្រឹមតែជាទីផ្សារប្រើប្រាស់ដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជា «ផ្លូវឆ្លងកាត់ និងជាទីតាំងចែកចាយបន្ត» នៃបណ្តាញឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនអន្តរជាតិ ដើម្បីដឹកជញ្ជូនសារធាតុញៀនចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ការកើនឡើងនៃករណីបែបនេះ កំពុងបង្កើតជាសម្ពាធយ៉ាងខ្លាំងដល់រូបភាពរបស់ថៃជាលក្ខណៈអន្តរជាតិ ដោយកំពុងតែប្រែក្លាយថៃពីប្រទេសនាំមុខផ្នែកទេសចរណ៍ មកជាប្រទេសនាំមុខផ្នែកចរាចរណ៍គ្រឿងញៀនសេរីទៅវិញ។

