ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយត្រូវបានរាយការណ៍នៅក្នុងខេត្តសារ៉ាបូរី ប្រទេសថៃ ដោយសមត្ថកិច្ចបានចាប់ខ្លួនបុរស ២នាក់ រួមជាមួយការរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Meth) រហូតដល់ ៩.៥៦លានគ្រាប់ ដែលមានតម្លៃប៉ាន់ស្មានជាង ៥០០លានបាត (ប្រមាណ ១៤ លានដុល្លារ) ប៉ុន្ដែវាមិនមែនជាជោគជ័យដ៏ធំធេងដែលត្រូវទះដៃអបអរសាទរទាំងស្រុងនោះទេ វាជាការទម្លាយឱ្យឃើញយ៉ាងច្បាស់ពីភាពបរាជ័យ និងភាពធូររលុងយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធសន្តិសុខក្នុងប្រទេសថៃ។ ទោះជាយ៉ាងណា ករណីនេះបានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរអំពីប្រសិទ្ធភាពនៃការទប់ស្កាត់ និងការបណ្តែតបណ្តោយឱ្យបណ្តាញឧក្រិដ្ឋជនគ្រឿងញៀនចាក់ឬសយ៉ាងជ្រៅនៅក្នុងប្រទេសថៃ។

ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួននៅខ្ទមបណ្ដោះអាសន្នមួយកន្លែងក្នុងស្រុក Nong Khae ខេត្តសារ៉ាបូរី ដែលត្រូវបានប្រើប្រាស់ជាជម្រកលាក់ទុកថ្នាំញៀនយ៉ាងធំសម្បើម ដើម្បីរង់ចាំការដឹកជញ្ជូនចែកចាយបន្តទៅកាន់តំបន់កណ្តាល និងទីក្រុងបាងកក។
ទោះបីជាអាជ្ញាធរថៃអះអាងថា ប្រតិបត្តិការនេះកើតចេញពីការស៊ើបអង្កេតតាំងពីដើមឆ្នាំមកក៏ដោយ ក៏ការដែលក្រុមឧក្រិដ្ឋជនអាចដឹកជញ្ជូន និងស្តុកទុកថ្នាំញៀនជិត ១០លានគ្រាប់យ៉ាងរលូននៅតំបន់ជិតរាជធានីបែបនេះ បានបង្ហាញយ៉ាងច្បាស់ពីចន្លោះប្រហោងសន្តិសុខ និងភាពខ្វះចន្លោះក្នុងការឃ្លាំមើលរបស់អាជ្ញាធរមានសមត្ថកិច្ច។


ការរកឃើញថ្នាំញៀនរាប់លានគ្រាប់ជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ បានឆ្លុះបញ្ចាំងថា ប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិគ្រឿងញៀនយ៉ាងធ្ងន់ធ្ងរ និងបានក្លាយជាមជ្ឈមណ្ឌលចែកចាយ និងស្តុកទុកគ្រឿងញៀនដ៏ធំមួយនៅក្នុងតំបន់។ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់រថយន្តវ៉ាន (Van) សម្រាប់ដឹកជញ្ជូនថ្នាំញៀនកាត់តាមបណ្តាញផ្លូវជាតិយ៉ាងរលូន ដោយគ្មានការត្រួតពិនិត្យបានដិតដល់ រហូតដល់អាចយកមកលាក់ទុកក្នុងទីតាំងជិតទីក្រុងធំៗបាន។ សកម្មភាពនេះបង្ហាញថា បណ្តាញឧក្រិដ្ឋកម្មគ្រឿងញៀនមានរចនាសម្ព័ន្ធរឹងមាំ និងពុំមានការកោតខ្លាចចំពោះចំណាត់ការផ្លូវច្បាប់របស់ថៃឡើយ។

បច្ចុប្បន្ន ជនសង្ស័យទាំង២ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតរក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់កម្រិត ១។ ទោះជាយ៉ាងណា សាធារណជន និងអ្នកតាមដានសង្គមនៅតែចោទសួរថា តើការចាប់ខ្លួនត្រឹមតែអ្នកដឹកជញ្ជូនថ្នាក់ក្រោមបែបនេះ អាចលុបបំបាត់មេគំនិតធំៗនៅពីក្រោយខ្នងបាន ឬគ្រាន់តែជាការបង្រ្កាបដើម្បីឱ្យរឿងរ៉ាវបានស្ងប់ស្ងាត់សិន ខណៈដែលមេបណ្តាញធំៗនៅតែបន្តប្រព្រឹត្តបទល្មើសបានដោយសុវត្ថិភាព?
សរុបមកវិញ ព្រឹត្តិការណ៍រឹបអូសថ្នាំញៀនជិត ១០លានគ្រាប់នេះ មិនមែនជាលទ្ធផលដែលអាជ្ញាធរថៃត្រូវយកមកធ្វើជាស្នាដៃដើម្បីអួតអាងនោះឡើយ ប៉ុន្តែវាគឺជាសញ្ញាអាសន្នព្រមានយ៉ាងធ្ងន់ធ្ងរអំពីអសមត្ថភាព និងភាពទន់ខ្សោយនៃប្រព័ន្ធគ្រប់គ្រងសន្តិសុខក្នុងប្រទេស។ ដរាបណាអាជ្ញាធរថៃនៅតែបន្តបង្រ្កាបបានត្រឹមតែអ្នកស៊ីឈ្នួលដឹកជញ្ជូនថ្នាក់ក្រោម ហើយបណ្តោយឱ្យមេបណ្តាញធំៗមានសេរីភាពក្នុងការប្រើប្រាស់ទឹកដីថៃធ្វើជាឃ្លាំងស្តុក និងជាផ្លូវឆ្លងកាត់គ្រឿងញៀនយ៉ាងអនាធិបតេយ្យបែបនេះ វិបត្តិគ្រឿងញៀននឹងនៅតែបន្តស៊ីរំលោភបំពានសន្តិសុខសង្គម ហើយការអនុវត្តច្បាប់របស់ប្រទេសនេះនឹងនៅតែរងការរិះគន់ថាមានភាពធូររលុង និងគ្មានប្រសិទ្ធភាពជារៀងរហូត៕

