ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុង ៣ករណីផ្សេងគ្នា ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជន និងករណីគ្រឿងញៀន។ ក្រោយការសាកសួរ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ និងមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ក្នុងករណីទី១ កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសអាយុ ២៨ឆ្នាំម្នាក់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តាមបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនស្រីអាយុ ១៥ឆ្នាំ។

ដោយឡែក ករណីទី២ កម្លាំងអាវុធហត្ថខណ្ឌដង្កោ បានចុះអន្តរាគមន៍ក្រោយទទួលព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អំពីបុរសម្នាក់មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនស្រុកកណ្តាលស្ទឹង។

សម្រាប់ករណីទី៣ កម្លាំងអាវុធហត្ថខណ្ឌកំបូល ក៏បានចុះអន្តរាគមន៍ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ អំពីបុរសម្នាក់មានសភាពបែកថ្នាំ អុកឡុក និងបង្កហិង្សាក្នុងគ្រួសារ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតគ្រឿងញៀនមួយកញ្ចប់តូច ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងពូថៅដៃមួយ មុនបញ្ជូនជនសង្ស័យទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ការបង្ក្រាបករណីទាំងនេះ គឺជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងឆ្លើយតបភ្លាមៗចំពោះព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ។

អត្ថបទ៖ ត្រយងតូច

Share.