នៅលើបណ្តាញសង្គម មានការចែករំលែកយ៉ាងផុសផុល អំពីករណីបាត់ខ្លួនដោយអាថ៌កំបាំងរបស់ទេសចរបរទេស ២នាក់ រួមមាន កញ្ញា ឌីអាណា ណាស៊ីម៉ូវ៉ា (MISS.IANA NAZIMOVA) អាយុ ២២ឆ្នាំ និងលោក រ៉ូម៉ាន់ ណាស៊ីម៉ូវ៉ា (MR.ROMAN NAZIMOVA) អាយុ ១៧ឆ្នាំ ជនជាតិរុស្សី ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា។

បងប្អូនទាំងពីរនាក់បានជិះម៉ូតូចេញពីផ្ទះ ក្នុងខេត្តឈុនបុរី កាលពីវេលាម៉ោងប្រមាណ ០៤:០០ ព្រឹក ថ្ងៃទី២៦ កក្កដា ហើយបន្ទាប់មកមិនបានត្រឡប់មកផ្ទះវិញឡើយ។ ថ្មីៗនេះ ស្ត្រីជាម្តាយបានទៅដាក់ពាក្យបណ្តឹងនៅប៉ូលិសប៉ុស្តិ៍ហួយយ៉ៃ ប៉ុន្តែនៅតែមិនទាន់រកឃើញតម្រុយនៅឡើយ។ ក្រៅពីនេះ តាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាព (CCTV) បានរកឃើញថា នៅពេលដែលពួកគេទាំងពីរជិះម៉ូតូចេញពីផ្ទះ គឺមានម៉ូតូសង្ស័យមួយគ្រឿងបើកបរតាមដានរហូត។
លោកស្រី ហ្សារីណា បានរៀបរាប់តាមរយៈអ្នកបកប្រែថា គាត់ជាម្តាយទោល (ឬជាស្ត្រីមេម៉ាយ) រស់នៅក្នុងប្រទេសថៃតាំងពីឆ្នាំ ២០១៨ ដោយបានទិញផ្ទះរស់នៅក្នុងតំបន់ហួយយ៉ៃ។ ក្រោយមក គាត់បាននាំកូនៗទាំងពីរមករស់នៅជាមួយគ្នានៅឆ្នាំ ២០២១។ កូនទាំងពីរមិនចេះនិយាយភាសាថៃទេ គឺអាចនិយាយបានតែភាសារុស្ស៊ី និងភាសាអង់គ្លេសប៉ុណ្ណោះ (បច្ចុប្បន្នពួកគេកំពុងសិក្សានៅសាលាមួយក្នុងក្រុងប៉ាតាយ៉ា)។

នៅថ្ងៃកើតហេតុ កូនៗទាំងពីរបានស្លៀកពាក់ខោអាវនៅផ្ទះធម្មតា មិនបានរៀបចំខ្លួនអ្វីឡើយ ប៉ុន្តែបានយកទូរស័ព្ទដៃទៅជាមួយ ហើយជិះម៉ូតូចេញពីផ្ទះ ដោយសង្ស័យទៅទិញអីវ៉ាន់នៅហាងទំនិញ បន្ទាប់មកក៏មិនឃើញត្រឡប់មកវិញសោះ។ ពេលនេះគាត់មានការស្រ្តេស និងព្រួយបារម្ភយ៉ាងខ្លាំង រហូតហូបបាយមិនបាន គេងមិនលក់ ម្យ៉ាងទៀតប្រទេសថៃមានព័ត៌មានមិនសូវល្អទាក់ទងនឹងក្រុមជនជាតិរុស្សីដែលបង្កើតបទល្មើសក្នុងតំបន់ក្រុងប៉ាតាយ៉ា។ គាត់សង្ឃឹមថាកូនៗទាំងពីរនៅតែមានសុវត្ថិភាព និងមានជីវិតរស់នៅ ហើយសុំឱ្យប៉ូលិសជួយតាមស្វែងរកកូនៗរបស់គាត់ផង។
ដោយកូនស្រី (ឌីអាណា) បានផ្ញើសារចុងក្រោយមកថា “បន្ទាន់!!” (URGENT) ដោយនាងប្រាប់ថា មានអារម្មណ៍ដូចជាមានគេបើករថយន្ត/ម៉ូតូតាមដាន ហើយទូរស័ព្ទរបស់នាងបានលោតសារព្រមានថារកឃើញឧបករណ៍ Bluetooth Tracker ចម្លែកកំពុងតាមដានខ្លួន។ បន្ទាប់ពីសារនោះមក ទូរស័ព្ទរបស់អ្នកទាំងពីរត្រូវ បានបិទ ហើយដាច់ការទាក់ទងទាំងស្រុងតែម្តង។
ករណីបាត់ខ្លួនដោយអាថ៌កំបាំងរបស់បងប្អូនបង្កើតជនជាតិរុស្ស៊ីទាំងពីរនាក់នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីបញ្ហាអសន្តិសុខកាន់តែគួរឱ្យព្រួយបារម្ភចំពោះជនបរទេសដែលរស់នៅ និងមកកម្សាន្តក្នុងប្រទេសថៃ ជាពិសេសក្នុងតំបន់ក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ដែលជានិច្ចកាលតែងតែមានព័ត៌មានពាក់ព័ន្ធនឹងបទល្មើស និងអំពើអាជ្ញាកម្មលើជនជាតិរុស្ស៊ី។
ការបាត់បង់ការទាក់ទងភ្លាមៗ បន្ទាប់ពីទទួលបានសារព្រមានអំពីការតាមដានដោយឧបករណ៍ Bluetooth Tracker និងម៉ូតូសង្ស័យ មិនត្រឹមតែបង្កើតជាការភ័យខ្លាចដល់គ្រួសារជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏បានចោទជាសំនួរយ៉ាងធំចំពោះប្រសិទ្ធភាពនៃការរក្សាសន្តិសុខ សុវត្ថិភាព និងវិធានការការពារភ្ញៀវទេសចរពីសំណាក់អាជ្ញាធរក្នុងតំបន់ផងដែរ។ ប្រសិនបើករណីអសន្តិសុខ និងអំពើអាជ្ញាកម្មចំពោះជនបរទេសនៅតែបន្តកើតមានជាហូរហែ ហើយមិនទាន់មានដំណោះស្រាយ ឬការបកស្រាយឱ្យបានច្បាស់លាស់ពីភាគីសមត្ថកិច្ចទេនោះ វាអាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ទំនុកចិត្ត និងអារម្មណ៍មានសុវត្ថិភាពរបស់ភ្ញៀវទេសចរអន្តរជាតិមកលើប្រទេសថៃនាពេលខាងមុខ៕

