ភ្នំពេញ៖ ក្រុមការងារនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចុះបំពេញបេសកកម្មធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនមន្ត្រី ក្រុមគ្រួសារមន្ត្រី និងជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១ ក្នុងគោលបំណងធានាឱ្យអ្នកដែលមិនទាន់មានអត្តសញ្ញាណបណ្ណ អ្នកបាត់បង់ ឬអ្នកដែលអត្តសញ្ញាណបណ្ណផុតសុពលភាព ទទួលបានឯកសារស្របច្បាប់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ និងការរួមចំណែកវិលត្រឡប់ទៅសង្គមវិញ។

សកម្មភាពនេះធ្វើឡើងក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានទទួលស្វាគមន៍ និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយលោកឧត្តមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន ប្រធាននាយកដ្ឋាន និងក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីអនុវត្តការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

ក្នុងរយៈពេលត្រឹមមួយថ្ងៃ ក្រុមការងារបច្ចេកទេសបានថតរូប ប្រមូលព័ត៌មានផ្ទាល់ខ្លួន និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មបានចំនួន ២៤០នាក់ ក្នុងចំណោមជនជាប់ឃុំជាង ១,០០០នាក់ ដែលកំពុងអនុវត្តទោសនៅមណ្ឌលអប់រំកែប្រែទី១។ ការងារនេះនឹងបន្តអនុវត្តជាបន្តបន្ទាប់ ដើម្បីឱ្យអ្នកដែលនៅសល់ទទួលបានអត្តសញ្ញាណបណ្ណគ្រប់ៗគ្នា។

បើតាមការបញ្ជាក់ពីមណ្ឌលអប់រំកែប្រែទី១ កន្លងមកក្រុមការងារជំនាញក៏បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្នាមក្រយ៉ៅដៃរបស់ជនជាប់ឃុំជាមួយទិន្នន័យអត្តសញ្ញាណជាតិជាមុនសិន ដើម្បីធានាភាពត្រឹមត្រូវ និងជៀសវាងការក្លែងបន្លំអត្តសញ្ញាណ ព្រមទាំងធ្វើឱ្យដំណើរការចេញអត្តសញ្ញាណបណ្ណប្រព្រឹត្តទៅបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនជនជាប់ឃុំ គឺជាផ្នែកមួយនៃការលើកកម្ពស់សិទ្ធិពលរដ្ឋ និងការធានាឱ្យបុគ្គលគ្រប់រូបមានឯកសារផ្លូវច្បាប់បញ្ជាក់អត្តសញ្ញាណ។ ជាពិសេស បន្ទាប់ពីអនុវត្តទោសចប់ ជនជាប់ឃុំនឹងអាចប្រើប្រាស់អត្តសញ្ញាណបណ្ណក្នុងការបំពេញបែបបទរដ្ឋបាលផ្សេងៗ ស្វែងរកការងារធ្វើ ប្រកបមុខរបរ ឬវិជ្ជាជីវៈស្របច្បាប់ ទទួលបានសេវាសាធារណៈ និងសេវាសង្គមនានា ព្រមទាំងជួយសម្រួលដល់ការធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញ។

គំនិតផ្តួចផ្តើមនេះក៏ត្រូវបានចាត់ទុកថា ជាការចូលរួមលើកកម្ពស់ការអនុវត្តគោលនយោបាយកែប្រែ និងស្តារនីតិសម្បទាជនជាប់ឃុំ ដោយផ្តល់ឱកាសឱ្យពួកគេមានឯកសារអត្តសញ្ញាណស្របច្បាប់ សម្រាប់កសាងជីវិតថ្មី កាត់បន្ថយហានិភ័យនៃការប្រព្រឹត្តបទល្មើសសារជាថ្មី និងជំរុញការរស់នៅក្នុងសង្គមប្រកបដោយទំនួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរ។

Share.