ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ថូម៉ាស់ អេនឌ្រូ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានជួបពិភាក្សាជាលើកដំបូង នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងកិច្ចសហការ និងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

ជំនួបធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ បានផ្តល់ឱកាសឱ្យភាគីទាំងពីរផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ លំហប្រជាធិបតេយ្យ ក៏ដូចជាការគ្រប់គ្រងជនជាប់ឃុំ និងមណ្ឌលអប់រំកែប្រែ។ លោក ថូម៉ាស់ អេនឌ្រូ ក៏បានថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់កម្ពុជា ដែលអនុញ្ញាតឱ្យលោកបំពេញបេសកកម្ម និងចុះទស្សនកិច្ចតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែដោយរលូន និងសុវត្ថិភាព។





ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តប្រកាន់ខ្ជាប់ការគោរព និងលើកកម្ពស់សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងលំហប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ជាសកល។នៅចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានប្ដេជ្ញាបន្តកិច្ចសហការដោយស្មោះត្រង់ ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរ ស្របតាមច្បាប់ជាតិ និងគោលការណ៍របស់អង្គការសហប្រជាជាតិ។







