ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌូណេស៊ី បានឯកភាពគ្នាក្នុងការរុញច្រាន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងគ្រោងរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសំខាន់ៗចំនួន ៣ ជូនដល់មន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា។

ការឯកភាពនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្ដម អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបនោះ ភាគីឥណ្ឌូណេស៊ីបានគូសបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី ឥណ្ឌូណេស៊ីនឹងរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញសំខាន់ៗចំនួន ៣ ជូនដល់មន្ត្រីនគរបាលជាតិកម្ពុជា នៅពាក់កណ្ដាលឆ្នាំ២០២៦ នេះ រួមមាន៖ ជំនាញបច្ចេកទេសកោសល្យវិច័យ, ជំនាញស៊ើបអង្កេតហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)។ ការបណ្ដុះបណ្ដាលនេះ អាចនឹងត្រូវធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ឬតាមរយៈការបញ្ជូនគ្រូបង្គោលឥណ្ឌូណេស៊ីមកបណ្ដុះបណ្ដាលផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានផ្ដល់ការសម្របសម្រួលយ៉ាងសកម្មក្នុងការសង្គ្រោះ និងពន្លឿននីតិវិធីបញ្ជូនជនជាតិឥណ្ឌូណេស៊ីរងគ្រោះពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រឡប់ទៅស្រុកវិញ។ លើសពីនេះ ភាគីឥណ្ឌូណេស៊ីក៏បានកោតសរសើរចំពោះការសម្របសម្រួលឱ្យមន្ត្រីស្ថានទូត និងសាច់ញាតិបានចូលជួបសួរសុខទុក្ខអ្នកជាប់ឃុំ និងជាពិសេសសកម្មភាពចុះបង្ក្រាបទីតាំងល្មើស ដើម្បីរំដោះពលរដ្ឋឥណ្ឌូណេស៊ីនាពេលកន្លងមក។

តំណាងរដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានបង្ហាញសុច្ឆន្ទៈគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងការបង្កើតក្របខណ្ឌច្បាប់ដ៏តឹងតែង ព្រមទាំងបានអះអាងថា ឥណ្ឌូណេស៊ីស្ម័គ្រចិត្តធ្វើជាសាក្សីបញ្ជាក់ជូនសហគមន៍អន្តរជាតិ ពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាក់ស្ដែងដែលកម្ពុជាសម្រេចបាន។

នាឱកាសនោះដែរ ភាគីទាំងពីរបានឯកភាព រៀបចំធ្វើបច្ចុប្បន្នភាពខ្លឹមសារអនុស្សរណៈនៃការយោគយល់ ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់អនុវត្តបន្ត ហើយភាគីឥណ្ឌូណេស៊ី បានបង្ហាញសុច្ឆន្ទៈគាំទ្រ និងលើកទឹកចិត្តខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការបង្កើតក្របខណ្ឌច្បាប់ដ៏តឹងតែង ដោយថែមទាំងអះអាងទៀតថា ឥណ្ឌូណេស៊ី សូមធ្វើជាសាក្សីបញ្ជាក់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិ អំពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយមនេះទៀតផង។

ឈរលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលឥតឈប់ឈរនៃបទល្មើសឆ្លងដែនគ្រប់ប្រភេទ រួមទាំងការវិវត្តនៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានឯកភាពជាគោលការណ៍ រៀបចំមន្ត្រីជំនាញមួយក្រុមឱ្យជួបពិភាក្សាដើម្បីបង្កើតយន្តការអនុវត្តការងាររួមមួយ ដូចដែលកម្ពុជាបានអនុវត្តជាមួយបណ្ដាប្រទេសជាមិត្តផ្សេងទៀត រួមមានសាធារណរដ្ឋកូរ៉េជាដើម៕

Share.