មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសហគ្រិនភាពស្ត្រី (WEE-DC) សហការជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បានរួមគ្នារៀបចំវេទិកា «និយាយពីលុយ – Finance Talk» ក្រោមប្រធានបទ «ពង្រឹងហិរញ្ញវត្ថុស្រ្តីដើម្បីថាមពលនៃភាពរីកចម្រើន» កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ នៅមជ្ឈមណ្ឌល WEE-DC។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុ វិស័យឯកជន និងសហគ្រិនស្រ្តីនៃសមាគម CWEA សរុបប្រមាណ ១០០ នាក់។


ជំនួបថ្នាក់ជាតិមួយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ ព្រមទាំងយុទ្ធសាស្រ្តសំខាន់ៗក្នុងការត្រៀមខ្លួនដើម្បីទទួលបានហិរញ្ញប្បទាន។ បន្ថែមលើនេះ វេទិកាក៏បានណែនាំនូវ «ថ្នាលហិរញ្ញប្បទានគាំទ្រសហគ្រិនស្រ្តី» (WE Financial Support Hub) ដែលជាគម្រោងពិសេសមួយក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ការរៀបចំខ្លួនសម្រាប់ការវិនិយោគ និងការជួយពន្លឿនការរីកចម្រើននៃអាជីវកម្មរបស់ស្ត្រី។

ក្រៅពីការផ្លាស់ប្តូរចំណេះដឹង ព្រឹត្តិការណ៍នេះក៏បានបង្កើតឱកាសយ៉ាងសំខាន់ក្នុងការតភ្ជាប់បណ្តាញអាជីវកម្ម បង្កើនភាពស្និទ្ធស្នាល និងទទួលបានការគាំទ្រផ្ទាល់ពីសំណាក់គ្រឹះស្ថាន និងវិស័យហិរញ្ញវត្ថុជាច្រើនផងដែរ៕


