ភ្នំពេញ៖ មណ្ឌលអប់រំកែប្រែទី១ បានបើកកិច្ចប្រជុំថ្នាក់មណ្ឌលលើកទី៣ ដើម្បីពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត សម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៦ ដោយបានសម្រេចដាក់បញ្ចូលទណ្ឌិតចំនួន ៤១នាក់ ក្នុងសំណើបន្ធូរបន្ថយទោស។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី១។

ជាលទ្ធផល គណៈកម្មការមណ្ឌលបានសម្រេចស្នើបន្ធូរបន្ថយទោសរយៈពេល ៣ខែ ចំនួន ២២នាក់, រយៈពេល ៦ខែ ចំនួន ១៨នាក់ និងរយៈពេល ៩ខែ ចំនួន ១នាក់។

គិតត្រឹមការប្រជុំចំនួន ៣លើកកន្លងមក គណៈកម្មការមណ្ឌលបានសម្រេចដាក់បញ្ចូលទណ្ឌិតសរុបចំនួន ១០៦នាក់ ក្នុងសំណើស្នើសុំបន្ធូរបន្ថយទោស ដែលក្នុងនោះ រយៈពេល ៣ខែ មាន ៨៧នាក់, រយៈពេល ៦ខែ មាន ១៨នាក់ និងរយៈពេល ៩ខែ មាន ១នាក់។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានមណ្ឌល បានអបអរសាទរទណ្ឌិតទាំង ១០៦នាក់ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញ បន្តសហការជាមួយប្រធានអគារ ពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដើម្បីរៀបចំសំណើសម្រាប់ឱកាសបុណ្យជាតិ និងពិធីសំខាន់ៗនាពេលក្រោយ។

អត្ថបទ÷ចតុម្មុខ

Share.