ប្រព័ន្ធសុខាភិបាលថៃនាពេលថ្មីៗនេះកំពុងរងការរិះគន់យ៉ាងដំណំ បន្ទាប់ពីជួបហេតុការណ៍អាស្រូវមួយពីមន្ទីរពេទ្យ Ang Thong ករណីក្រុមគ្រូពេទ្យបើអាកប្បកិរិយា និងបោះសម្ដីអសុរសដាក់អ្នកជំងឺ ដែលប្រាស់ចាកក្រមសីលធម៌ ថែមទាំងធ្វើជាញញឹមសើចចំអកអំឡុងពេលធ្វើសន្និសីទកាសែតពាក់ព័ន្ធនឹងករណីទារកទើបនឹងកើតម្នាក់បានបាត់បង់ជីវិត។

សន្និសីទកាសែតដែលដឹកនាំដោយលោកស្រី Parichat Sirawat នាយិកាមន្ទីរពេទ្យ កាលពីថ្ងៃទី២១ ខែកក្កដា ត្រូវបានរៀបចំឡើង បន្ទាប់ពីឪពុកម្តាយរបស់ទារកអាយុ ៥ថ្ងៃ បានប្ដឹងចោទប្រកាន់ថា បុគ្គលិកពេទ្យបានជួបជុំគ្នារៀបចំកម្មវិធីផឹកស៊ីយ៉ាងអើងកងនៅក្នុងបន្ទប់ថែទាំទារកទើបនឹងកើតកម្រិតធ្ងន់ មុនពេលកូនរបស់ពួកគេបានស្លាប់។ ដោយឡែក ថ្វីត្បិតតែភាគីមន្ទីរពេទ្យបានទទួលស្គាល់ថា មានការជួបជុំគ្នានៅក្នុងបន្ទប់សម្រាលកម្រិតធ្ងន់ពិតមែន ប៉ុន្តែពួកគេមិនបានទទួលស្គាល់ថា ករណីនោះវាមិនមានពាក់ព័ន្ធនឹងការស្លាប់របស់ទារកនោះឡើយ។

ក្រុមគ្រូពេទ្យបានប្រើលេសដោះសារថា ទារកបានកើតមកនោះមានជាប់ជាមួយបញ្ហាអាការៈប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត និងទទួលបានការព្យាបាលតាមស្តង់ដារវេជ្ជសាស្ត្រយ៉ាងត្រឹមត្រូវ។ ចំណែកខាងមន្ទីរពេទ្យវិញបែរជាចោទទៅស្ថានភាពគ្រួសារជនរងគ្រោះថា ទារកនោះកើតមិនគ្រប់ខែលើសទម្ងន់រហូតដល់ ៤,៣០៥ក្រាម រីឯម្តាយដែលមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម និងលើសឈាម ព្រមទាំងមានបញ្ហាបែកទឹកភ្លោះមុនកំណត់។

ខាងមន្ទីពេទ្យនៅតែអះអាងថា ទារកត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺសម្ពាធឈាមក្នុងសួតឡើងខ្ពស់ និងសង្ស័យមានការឆ្លងរោគក្នុងឈាម ដែលបណ្តាលឱ្យមានបញ្ហាពិបាកដកដង្ហើម និងកម្រិតអុកស៊ីសែនក្នុងឈាមធ្លាក់ចុះទាបរហូតត្រូវការការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងបន្ទប់។ ពួកគេនៅតែព្យាយាមដោះសារដើម្បីទម្លាក់បន្ទុកឱ្យក្រុមគ្រួសារជនរងគ្រោះជាអ្នកទទួលខុស ដែលផុតពីទំនួលខុសត្រូវរបស់ពេទ្យទៅវិញ។
នៅពេលដែលអ្នកសារព័ត៌មានសួរថា តើមន្ទីរពេទ្យមានគម្រោងប្តឹងតបតលើឪពុកម្តាយកុមារដែរឬទេ លោកស្រី Parichat និងគ្រូពេទ្យម្នាក់ទៀតបានបង្ហាញកាយវិការញញឹម និងសើចដាក់គ្នា មុននឹងឆ្លើយថា មន្ទីរពេទ្យគ្មានបំណងចាត់វិធានការផ្លូវច្បាប់នោះទេ។ លោកស្រីបានបន្ថែមថា ការស៊ើបអង្កេតកំពុងបន្ត ហើយប្រសិនបើលទ្ធផលបង្ហាញថា មន្ទីរពេទ្យធ្វើត្រូវ នោះលោកស្រីចង់ឱ្យឪពុកម្តាយទារកចេញមុខសុំទោសក្រុមគ្រូពេទ្យវិញ ចំពោះការរិះគន់ជាសាធារណៈនាពេលកន្លងមក។

តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យមហាជន និងក្រុមគ្រួសារជនរងគ្រោះមិនអាចទទួលយកបានបំផុតនោះ ហេតុការណ៍នោះបានបង្ហាញពីទង្វើកង្វះក្រមសីលធម៌ និងវិជ្ជាជីវៈរបស់គ្រូពេទ្យថៃច្រើនជាង។
កាយវិការសើចសប្បាយលើគំនរទុក្ខរបស់អ្នកដទៃបែបនេះ បានធ្វើឱ្យឪពុកទារកសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះអាកប្បកិរិយាគ្មានការទទួលខុសត្រូវ និងខ្វះការអាណិតអាសូរចំពោះអ្នកជំងឺ។ មហាជនជាច្រើនបានសម្តែងការសង្ស័យ និងរិះគន់យ៉ាងចាស់ដៃលើកម្រិតវិជ្ជាជីវៈ និងសីលធម៌របស់បុគ្គលិកពេទ្យថៃដែលមើលស្រាលជីវិតមនុស្ស និងអារម្មណ៍របស់គ្រួសារជនរងគ្រោះ។
ជារួមហេតុការណ៍ខាងលើ បើទោះជាមានការបកស្រាយពីមន្ទីពេទ្យក្នុងសន្និសិទ្ធសារព័ត៌មានយ៉ាងណាក៏ដោយ ហេតុការណ៍នេះនៅឆ្លុះបង្ហាញពីកម្សោយប្រព័ន្ធគ្រប់គ្រងសុខាភិបាលនៅថៃយ៉ាងធ្ងន់ធ្ងរ ជាពិសេសការបាត់បង់លើភាពជឿជាក់ និងស្តង់ដារវិជ្ជាជីវៈវេជ្ជសាស្ត្រនៅក្នុងប្រទេសថៃ ដែលស្តែងឱ្យឃើញពីគម្លាតនៃក្រមសីលធម៌គ្រូពេទ្យ និងភាពអាណិតអាសូរចំពោះអ្នកជំងឺ នៅក្នុងស្ថានភាពដ៏ប្រឈមនៃជីវិត និងការបាត់បង់សមាជិកក្រុមគ្រួសារអ្នកជំងឺ៕

