កំពង់ឆ្នាំង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ និងវត្ថុបុរាណ មិនមែនត្រឹមជាចម្លាក់ថ្ម ឬលោហៈធាតុធាតុដែលគ្មានជីវិតនោះទេ ប៉ុន្តែជាតំណាងឱ្យស្មារតី កម្លាំងចិត្ត និងជាដួងព្រលឹងដែលមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ។

ដើម្បីភ្ជាប់បេះដូងកូនខ្មែរគ្រប់រូបទៅនឹងមរតកដូនតា ពិព័រណ៍មិនអចិន្ត្រៃយ៍ដ៏មានអត្ថន័យជ្រាលជ្រៅមួយ ក្រោមប្រធានបទ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅបរិវេណ​សួន​បណ្ឌិត​សភាចារ្យ​ អ៊ុក រ៉ាប៊ុន ខេត្តកំពង់ឆ្នាំង។

ព្រឹត្តិការណ៍វប្បធម៌ដ៏ប្រវត្តិសាស្ត្រនេះ ត្រូវបានសហការរៀបចំឡើងដោយនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ដោយមានការអនុញ្ញាតពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល ២០ ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អត្ថន័យសំខាន់នៃពិព័រណ៍ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បានដឹងអំពីតម្លៃនៃវប្បធម៌ មើលឃើញអំពីសកម្មភាពនៃការខិតខំប្រឹងប្រែងក្នុងការទាមទារនូវសម្បតិ្តបេតិកភណ្ឌជាតិ និងការដាស់ស្មារតីប្រជាពលរដ្ឋយើងឱ្យចេះស្រឡាញ់មរតកដូនតាយើង។ វាមានតម្លៃប្រវត្តិសាស្ត្រ វាមានតម្លៃព្រលឹងជាតិ នោះគឺការតភ្ជាប់បេះដូង។ វត្ថុបុរាណ មិនមែនត្រឹមតែរូបចម្លាក់ថ្ម ឬក៏ដែកនោះទេ ក៏ប៉ុន្តែវាគឺជារបស់ដែលតំណាងឱ្យស្មារតី និងកម្លាំងចិត្តរបស់បុព្វបុរសខ្មែរ។

ពិព័រណ៍នេះមិនត្រឹមតែបង្ហាញពីសភ័ណភាពនៃវត្ថុសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលេចឱ្យឃើញពីយុទ្ធនាការយ៉ាងសកម្ម និងការតស៊ូផ្នែកច្បាប់អន្តរជាតិ ព្រមទាំងការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុនៗរហូតដល់បច្ចុប្បន្ន ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ដែលបានបាត់បង់ឱ្យវិលត្រឡប់មកជួបជុំដីស្រុកកំណើតវិញ។

លោក ប៊ុនថន សុខាណារិទ្ធ បានបន្ថែមថា ការប្រមូល និងទាមទារវត្ថុបុរាណទាំងនោះត្រឡប់មកវិញ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ការរៀបចំពិព័រណ៍រយៈពេល ២០ ថ្ងៃនេះ ត្រូវបានរំពឹងថានឹងក្លាយជាចលនាដាស់ស្មារតីដ៏មានឥទ្ធិពលមួយ ដល់សាធារណជន យុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យកាន់តែយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសម្បត្តិបេតិកភណ្ឌជាតិ ព្រមទាំងរួមគ្នារក្សាការពារ «ដួងព្រលឹង និងអត្តសញ្ញាណខ្មែរ» ឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ៕

Share.