ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋានបានចុះវាស់វែង និងរៀបចំដាក់ប្រព័ន្ធលូក្នុងមូលដ្ឋាន ដើម្បីបង្ហូរ និងរំដោះទឹកចេញពីភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ឆ្ពោះទៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។




តាមប្រជាពលរដ្ឋបានឱ្យដឹងថា ប្រព័ន្ធលូក្នុងមូលដ្ឋានមានសភាពចាស់ ហើយត្រូវបានដាក់តៗគ្នាតាមលំនៅឋាន ដែលធ្វើឱ្យលំហូរទឹកយឺត។ នៅពេលមានភ្លៀងធ្លាក់ខ្លាំង តែងតែបង្កឱ្យមានការជន់លិច។ ប៉ុន្តែមកដល់ពេលនេះ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខណ្ឌ និងសង្កាត់ ក្រោមការដឹកនាំរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះរៀបចំប្រព័ន្ធលូថ្មី ដើម្បីពន្លឿនលំហូរទឹក ដែលធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំង។




តាមការបញ្ជាក់របស់អាជ្ញាធរ ការរៀបចំប្រព័ន្ធលូបង្ហូរទឹកថ្មីនេះ គឺតភ្ជាប់ពីភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ឆ្ពោះទៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ក្នុងគោលបំណងពន្លឿនលំហូរទឹក និងដោះស្រាយបញ្ហាជន់លិចនៅក្នុងភូមិសាស្ត្រខាងលើឱ្យកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ÷តាតុងសែនជ័យ

