ភ្នំពេញ៖ ជនសង្ស័យជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប និងចាប់ខ្លួនបាន ក្រោយជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់ជនជាតិថៃដូចគ្នា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ៣៖១៧នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាក Honda PCX ពណ៌ស ប្រដាប់ដោយអាវុធខ្លី បាញ់ប្រហារទៅលើជនរងគ្រោះឈ្មោះ JUSUWAN THONGCHAI ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិថៃ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មុនពេលជនដៃដល់នាំគ្នារត់គេចខ្លួន។

បន្ទាប់ពីទទួលបានបទបញ្ជា កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន រួមជាមួយលោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។ ជាលទ្ធផល នៅវេលាម៉ោង ៦៖២០នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ Porawat Thong Hmon ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតអាវុធខ្លីចំនួន២ដើម និងបង់ចំនួន២។បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួន។

Share.