អយុធ្យា៖ ករណីបោកប្រាស់ក្នុងរង្វង់ព្រះពុទ្ធសាសនាក្នុងប្រទេសថៃបានស្ដែងឱ្យឃើញពីភាពធូររលុង និងបរាជ័យនៃប្រព័ន្ធសន្តិសុខ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនបុរស ២នាក់ ក្លែងខ្លួនជាព្រះសង្ឃដើរប្រមូលបច្ច័យពីប្រជាពលរដ្ឋ ដោយប្រើប្រាស់ទីតាំងជំរុំបណ្តោះអាសន្នក្បែរវាលស្រែ ក្នុងស្រុក Bang Pa-in ខេត្តអាយុធ្យា ដែលជាទីតាំងចាស់របស់ពួកគេធ្លាប់ត្រូវបានចាប់ខ្លួនកាលពីខែឧសភា កន្លងទៅ។
លោកវរសេនីយ៍ឯក Chanan Prempluemjit អធិការនគរបាលប៉ុស្ដិ៍័ Phra In Racha បានឱ្យដឹងថា ប៉ូលិសបានចុះទៅពិនិត្យបន្ទាប់ពីទទួលបានការរាយការណ៍ពីអ្នកភូមិ អំពីក្រុមមនុស្សស្លៀកស្បង់ចីវរជ្រកកោននៅក្បែរភ្លឺស្រែមួយកន្លែងក្នុងឃុំ Chiang Rak Noi។
ជនសង្ស័យទាំង ២នាក់ មានអាយុ ៦៣ឆ្នាំ និង ៦៧ឆ្នាំ មកពីស្រុក Kaeng Khro ខេត្ត Chaiyaphum។ សមត្ថកិច្ចដកហូតបានស្បង់ចីវរចំនួន ២សម្រាប់, បាត្រស្ពាយ ២ និងកាបូបស្ពាយ ២។

តាមការពិនិត្យប្រព័ន្ធទិន្នន័យរបស់នគរបាលជាតិថៃ បុរសទាំង២ គ្មានលិខិតសម្គាល់ខ្លួនជាព្រះសង្ឃឡើយ ហើយអត្តសញ្ញាណប័ណ្ណផ្លូវការរបស់ពួកគេត្រូវបានចុះបញ្ជីជាប្រជាពលរដ្ឋសាមញ្ញប៉ុណ្ណោះ។ អ្វីដែលគួរឱ្យហួសចិត្តនោះគឺ សមត្ថកិច្ចបានចំណាំមុខជនសង្ស័យទាំង២ បានយ៉ាងច្បាស់ ថាជាមុខសញ្ញាចាស់ដែលធ្លាប់ចាប់ខ្លួននៅកន្លែងដដែលនេះ។ ជនសង្ស័យបានសារភាពថា ពួកគេបានត្រឡប់មកទីនេះវិញប្រហែល ៣ថ្ងៃមុន ហើយបានតាំងខ្លួនជាសង្ឃដើររ៉ៃអង្គាសប្រាក់ ដោយសារតែជំពាក់បំណុលគេ និងគ្មានប្រភពប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត។
កំឡុងពេលចាប់ខ្លួន ជនសង្ស័យថែមទាំងបានតវ៉ា និងព្យាយាមសម្រួលជាមួយសមត្ថកិច្ចទៀតផង។ បច្ចុប្បន្ន ពួកគេត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល Phra In Racha និងរៀបចំចោទប្រកាន់ពីបទប្រើប្រាស់សម្លៀកបំពាក់ ឬសញ្ញាសម្គាល់ដោយខុសច្បាប់ ដើម្បីធ្វើឱ្យអ្នកដទៃជឿថាជាព្រះសង្ឃ ដើម្បីចាត់ការតាមនីតិវិធី។
ករណីនេះបានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរចំពោះ ប្រសិទ្ធភាពនៃវិធានការច្បាប់ និងការអនុវត្តទោសនៅប្រទេសថៃ។ ការដែលជនល្មើសអាចត្រឡប់មកប្រព្រឹត្តបទល្មើសដដែល នៅទីតាំងដដែល ក្នុងរយៈពេលដ៏ខ្លី បង្ហាញយ៉ាងច្បាស់ពីភាពចន្លោះប្រហោងនៃប្រព័ន្ធត្រួតពិនិត្យ និងការខ្វះវិធានការទប់ស្កាត់ជាលក្ខណៈប្រព័ន្ធ។ លើសពីនេះ វាក៏បានឆ្លុះបញ្ចាំងពីវិបត្តិសង្គម និងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ ដែលជំរុញឱ្យមនុស្សចាស់ជរាហ៊ានយកព្រះពុទ្ធសាសនា ធ្វើជាឧបករណ៍បោកប្រាស់ដើម្បីដោះស្រាយបំណុលផ្ទាល់ខ្លួន ដោយមិនខ្លាចរអាច្បាប់បន្តិចសោះឡើយ៕

