ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបករណីគ្រឿងញៀនចំនួន២ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនពាក់ព័ន្ធសរុប៤នាក់ ក្នុងនោះជនសង្ស័យ៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈម្នាក់ទៀតត្រូវបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន។

តាមអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីទី១ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបនៅចំណុចខ្ទមទុកចោល ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៧ ខែកក្កដា ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានក្រាមសថ្លាចំនួន៤កញ្ចប់ ដបសម្រាប់ជក់គ្រឿងញៀន១ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ដោយឡែក ករណីទី២ កើតឡើងក្រោយអាវុធហត្ថទទួលបានព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ពីប្រជាពលរដ្ឋថា មានបុរសម្នាក់ស្ថិតក្នុងសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ នៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ក្រោយទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថខណ្ឌដង្កោ បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបុរសឈ្មោះ លី វីណា អាយុ២៨ឆ្នាំ មុនបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន ស្រុកកណ្ដាលស្ទឹង ដើម្បីទទួលការព្យាបាល និងស្តារនីតិសម្បទាតាមនីតិវិធី។

អត្ថបទ៖ ត្រយងតូច

Share.