នៅក្នុងបរិបទនៃស្ថានភាពព្រំដែនដែលទាមទារឱ្យមានដំណោះស្រាយជាយុទ្ធសាស្ត្រ និងការប្រុងប្រយ័ត្នខ្ពស់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចេញមុខជំរុញឱ្យកម្ពុជា និងថៃ បង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយការទូត និងការចរចាឱ្យកាន់តែសកម្ម ដើម្បីដោះស្រាយជម្លោះព្រំដែនដែលនៅសេសសល់ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា បទឈប់បាញ់នាពេលបច្ចុប្បន្ន គឺជាកាលៈទេសៈដ៏សមគួរបំផុតក្នុងការឈានទៅសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង។

ការថ្លែងសារនយោបាយការទូតដ៏មានសារៈសំខាន់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយតំបន់ នាឱកាសវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ានលើកទី១០ (10th ASEAN Media Forum) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រោមការធ្វើជាប្រធានអាស៊ានរបស់ហ្វីលីពីនក្នុងឆ្នាំ២០២៦ នេះ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញជម្លោះកម្ពុជា-ថៃ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានរំលឹកពីផលប៉ះពាល់ដ៏ប្រឈមនៃព្រឹត្តិការណ៍ឆ្នាំ២០២៥ ដែលបានបង្ខំឱ្យប្រជាពលរដ្ឋនៅសងខាងព្រំដែនត្រូវភៀសខ្លួនចេញពីលំនៅឋាន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ទោះបីជាភាគីទាំងពីរអាចរក្សាបទឈប់បាញ់បានក៏ដោយ ក៏ប៉ុន្តែឫសគល់នៃបញ្ហាមូលដ្ឋាននៅមិនទាន់ត្រូវបានដោះស្រាយទាំងស្រុងនោះឡើយ។

ក្នុងន័យនេះ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងថៃ ត្រូវទាញយកប្រយោជន៍ពីបរិយាកាសនៃបទឈប់បាញ់នេះ ដើម្បីពង្រឹងកិច្ចការទូត និងការពិភាក្សាដោយត្រង់ទៅត្រង់មក ។

ដោយហេតុថាកម្ពុជា និងថៃ គឺជាប្រទេសជិតខាងអចិន្ត្រៃយ៍ដែលមិនអាចរើផ្ទះចេញពីគ្នាបានឡើយ នោះការបន្តកិច្ចសន្ទនាតាមផ្លូវការទូត និងការយោគយល់គ្នា ក្រោមស្មារតីសាមគ្គីភាព និងឯកភាពអាស៊ាន គឺជាវិថីតែមួយគត់ក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព។

ទន្ទឹមនឹងការជំរុញឱ្យមានការទូតទ្វេភាគីកាន់តែខ្លាំងក្លា ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានរំលេចឡើងវិញនូវសមិទ្ធផលការទូតពហុភាគីរបស់អាស៊ាន ដែលបានដើរតួនាទីជាស្ពានចរចាដ៏សំខាន់ រហូតឈានទៅសម្រេចបាន កិច្ចព្រមព្រៀងឈប់បាញ់នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ក្រោមការសម្របសម្រួលយ៉ាងសកម្មរបស់លោក អាន់វ៉ារ អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានអាស៊ាននៅឆ្នាំ២០២៥។

ឯកឧត្តមអគ្គលេខាធិការ បានបូកសរុបថា ឆន្ទៈនយោបាយ ការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង និងការសហការគ្នាតាមយន្តការការទូត គឺជាកាតាលីករ និងជាគន្លឹះមាសតែមួយគត់ក្នុងការបញ្ចប់ជម្លោះដីធ្លីព្រំដែន រក្សាសន្តិសុខតំបន់ និងធានាដល់សុខសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យបានគង់វង្ស៕

Share.