ថ្មីៗ​នេះ​កំពុងតែ​ផ្ទុះ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​​​នៅក្នុង​បណ្ដាញ​សង្គម​ថៃ ​ចលនាទាមទារដកហូតតំណែងសមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana Neelaphaijit ក្រោយ​លោក​ស្រី​ ហ៊ាន​លើក​យក​ប្រធាន​បទ​​ដ៏រសើប​ពាក់​ព័ន្ធ​នឹង​ខេត្ត​ភាគ​ខាង​ត្បូង​មក​និយាយ​។

ចលនាទាមទារឱ្យមានការដកហូតតំណែងលោកស្រី Angkhana Neelaphaijit ចេញពីសមាជិកព្រឹទ្ធសភា​​កើត​ឡើង​ បន្ទាប់ពីទំព័រហ្វេសប៊ុកឈ្មោះ​ “Here Bank” (เฮีย แบងค์) បានបង្ហោះសារអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបង្ហាញជំហរគាំទ្រការប្រមូលស្នាមមេដៃដើម្បីដកហូតតំណែងលោកស្រី រហូតមានការចែករំលែកតៗគ្នាយ៉ាងទូលំទូលាយ។

ទោះបីជាទំព័រហ្វេសប៊ុកខាងលើមិនបានពន្យល់លម្អិតទាំងស្រុងអំពីចលនានេះក៏ដោយ ប៉ុន្តែការរិះគន់យ៉ាងក្តៅគគុកនាពេលប៉ុន្មានថ្ងៃនេះ ត្រូវបានគេជឿថាកើតចេញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋថៃមួយចំនួនលើជំហរ និងការបញ្ចេញមតិរបស់លោកស្រី Angkhana លើបញ្ហាសិទ្ធិមនុស្ស និងសន្តិសុខជាតិជាច្រើន។

ប្រធានបទមួយក្នុងចំណោមប្រធានបទដែលត្រូវគេរិះគន់ខ្លាំង គឺការបញ្ចេញមតិជុំវិញស្ថានការណ៍មិនស្ងប់នៅខេត្តភាគខាងត្បូងនៃប្រទេសថៃ ដែលត្រូវបានអ្នករិះគន់ខ្លះបកស្រាយថា លោកស្រីផ្តល់សំខាន់លើសិទ្ធិមនុស្សរបស់ជនសង្ស័យ ឬភាគីជម្លោះ ច្រើនជាងការគាំទ្រមន្ត្រីរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Angkhana បានបញ្ជាក់ជាច្រើនលើកថា ការងាររបស់លោកស្រីគឺផ្អែកលើគោលការណ៍សិទ្ធិមនុស្ស និងនីតិរដ្ឋ ដោយមិនមែនជាការគាំទ្រក្រុមប្រើហិង្សា​នោះឡើយ។

បន្ថែមពីនេះ ​កន្លង​មក​​​សមាជិក​ព្រឹទ្ធសភា​រូប​នេះ ក៏ធ្លាប់បានបញ្ចេញមតិពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ។ ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស លោកស្រីតែងតែប្រកាន់ជំហរអព្យាក្រឹត ដោយសង្កត់ធ្ងន់លើការគោរពសិទ្ធិមនុស្សជាសកលសម្រាប់ជនស៊ីវិលនៃប្រទេសទាំងពីរ (ទាំងកម្ពុជា និងថៃ) ដោយស្មើភាពគ្នា និងជំរុញឱ្យដោះស្រាយជម្លោះព្រំដែនតាមរយៈយន្តការសន្តិវិធី និងនីតិរដ្ឋ។ ទោះជាយ៉ាងណា ជំហរមិនលំអៀង និងការសង្កត់ធ្ងន់លើសិទ្ធិរបស់ជនស៊ីវិលកម្ពុជានេះ បានធ្វើឱ្យក្រុមជាតិនិយមជ្រុលថៃមួយចំនួនសម្តែងការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគេចោទប្រកាន់ថាលោកស្រីគិតគូរពីជនជាតិកម្ពុជា ច្រើនជាងទាហានថៃដែលរងគ្រោះដោយសារគ្រាប់មីន និងការវាយប្រហារនៅតំបន់ព្រំដែន។ រហូតដល់មានការវាយប្រហារពាក្យសម្តីយ៉ាងធ្ងន់ធ្ងរ ការរិះគន់ជេរប្រមាថ និងការគំរាមកំហែងដល់ជីវិត (គំរាមសម្លាប់) លើរូបលោកស្រីនៅលើបណ្តាញសង្គមទៀតផង។

ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងហេតុការណ៍មិនស្ងប់ចុងក្រោយនៅភាគខាងត្បូង មានការចែកចាយព័ត៌មានមិនពិតលើបណ្តាញសង្គមដោយអះអាងថា លោកស្រី Angkhana បានចេញមកបញ្ចេញមតិទិតៀនរដ្ឋាភិបាល។ ប៉ុន្តែបន្ទាប់ពីមានការផ្ទៀងផ្ទាត់ការពារពិត (Fact-check) កន្លងមក បានរកឃើញថា គ្មានភស្តុតាងណាមួយបញ្ជាក់ថានោះជាសម្តីរបស់លោកស្រីឡើយ ហើយសាម៉ីខ្លួនក៏បានអះអាងដែរថា លោកស្រីមិនបានធ្វើសកម្មភាពអ្វីជុំវិញប្រធានបទនោះទេ។

ទោះជាយ៉ាងណាក៏ដោយ ចលនារបស់ទំព័រ Here Bank នាពេលនេះ គ្រាន់តែជាការបង្ហាញជំហរ និងជាយុទ្ធនាការលើបណ្តាញសង្គមនៅឡើយ ដោយមិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ថា មានការដាក់ពាក្យបណ្តឹងសុំដកហូតតំណែងទៅកាន់ស្ថាប័នដែលមានសមត្ថកិច្ច ឬមានការអនុវត្តនីតិវិធីច្បាប់ក្នុងការដកហូតតំណែងលោកស្រី Angkhana Neelaphaijit ពី​ព្រឹទ្ធសភា​ថៃ​នៅឡើយទេ៕​

Share.