អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បាននិងកំពុងបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត លើករណីបាត់ខ្លួនរបស់នារីជនជាតិសិង្ហបុរី អាយុ ២០ ឆ្នាំម្នាក់ ឈ្មោះ Aishah Siregar ក្រោយពីគ្រួសាររបស់នាងបានរាយការណ៍ថា នាងបានចាកចេញពីផ្ទះ ហើយបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយគ្មាននរណាម្នាក់ដឹងខ្លួនឡើយ។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel NewsAsia (CNA) កញ្ញា Aishah បានផ្ញើសារចុងក្រោយទៅកាន់ម្តាយរបស់នាងកាលពីព្រឹកថ្ងៃអង្គារ (២៨ កក្កដា ២០២៦) ដោយប្រាប់ថាទៅរៀនដូចធម្មតា។ ទោះជាយ៉ាងណា នៅពេលគ្រួសាររៀបចំទៅទទួល ស្រាប់តែមិនអាចទាក់ទងនាងបាន ហើយគណនី Telegram និង WhatsApp របស់នាងត្រូវបានលុបចោល។ ក្រោយមក គ្រួសារបានរកឃើញសំបុត្រយន្តហោះក្នុង អ៊ីមែល (Email) ដែលបញ្ជាក់ថា នាងបានជិះយន្តហោះមកកាន់ប្រទេសកម្ពុជា។

អ្វីដែលគួរឱ្យព្រួយបារម្ភ គ្រួសាររបស់នាងបានរកឃើញប្រវត្តិប្រតិបត្តិការហិរញ្ញវត្ថុថា នាងបានផ្ទេរប្រាក់រាប់រយដុល្លារទៅឱ្យបុគ្គលម្នាក់ ដែលនាងបានលេងហ្គេមតាមអនឡាញជាមួយគ្នារយៈពេលជាង ១ ឆ្នាំមកហើយ។ ករណីនេះបានធ្វើឱ្យគ្រួសារសង្ស័យយ៉ាងខ្លាំងថា នាងអាចនឹងត្រូវគេល្បួង ឬបោកប្រាស់ (Scam) ឱ្យធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ករណីនេះ អាជ្ញាធរសិង្ហបុរីក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីស្វែងរកតម្រុយផងដែរ។

ជុំវិញករណីដ៏ក្តៅគគុកនេះ លោកបណ្ឌិត ទូច សុឃៈ (សុខៈ)  អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថា ក្រុមអ្នកនាំពាក្យទទួលបានព័ត៌មានបឋមតាំងពីយប់ថ្ងៃព្រហស្បតិ៍ ទី៣០ កក្កដា និងទទួលបានព័ត៌មានបន្ថែមនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា តាមរយៈការសម្របសម្រួលពីអ្នកសារព័ត៌មាន ដែលបានភ្ជាប់ទំនាក់ទំនងជាមួយភាគីអាណាព្យាបាលរបស់ជនរងគ្រោះ។

លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យចាត់កម្លាំងសមត្ថកិច្ចសរុបជាបន្ទាន់ ដោយក្នុងនោះរួមមាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជាអង្គភាពជំនាញគ្រប់គ្រងវត្តមានជនបរទេស និង អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់ចេញនូវវិធានការជំនាញអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់យ៉ាងច្បាស់ថា៖

«សមត្ថកិច្ចបានសម្របសម្រួលឱ្យអាណាព្យាបាលរបស់គាត់ មកផ្តល់ព័ត៌មានពិស្ដារបន្ថែមជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចមានមូលដ្ឋានកាន់តែច្រើន ក្នុងកិច្ចការវាយតម្លៃ វិភាគ និងឈានទៅដាក់វិធានការជំនាញស្រាវជ្រាវ បំបែកក្តីនេះឱ្យបានច្បាស់លាស់ និងចុះអន្តរាគមន៍ ប្រសិនបើមានការបាត់ខ្លួនពិតប្រាកដនៅក្នុងប្រទេសកម្ពុជាយើង»

បច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងនាមជា រដ្ឋមានការទទួលខុសត្រូវ និងដោយយកចិត្តទុកដាក់ជាទីបំផុត ដើម្បីស្រាវជ្រាវស្វែងរកវត្តមានរបស់នារីរងគ្រោះរូបនេះ និងធានាសុវត្ថិភាពជូននាងឱ្យបានទាន់ពេលវេលា៕

Share.