ការវិវឌ្ឍចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បាននិងកំពុងចោទជាសញ្ញាសួរយ៉ាងធំចំពោះ «ភាពស្មោះត្រង់ផ្នែកការទូត» របស់អាជ្ញាធរថៃ។ ភ្លាមៗបន្ទាប់ពីជំនួបសម្របសម្រួលកិច្ចការព្រំដែននៅច្រកទ្វារអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដែលក្នុងនោះភាគីទាំងពីរ (តំណាងដោយកងកម្លាំងប៊ូរ៉ាផាថៃ និងការិយាល័យសម្របសម្រួលកិច្ចការព្រំដែនកម្ពុជា-ថៃ) បានទម្លាយលទ្ធផលជាវិជ្ជមានចំនួន ៧ ចំណុចឋ​រួមទាំងការសម្រួលដល់ការបញ្ជូនអ្នកជំងឺ សាកសព និងការប្តេជ្ញាប្រកាន់ខ្ជាប់នូវស្មារតីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង MOU ឆ្នាំ២០០០ ស្រាប់តែមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិថៃបានចេញមុខបដិសេធតាមប្រព័ន្ធផ្សព្វផ្សាយថៃវិញយ៉ាងឆាប់រហ័ស។

"กลาโหม" ยันไม่ได้ผ่อนปรนเปิดด่านช่วยผู้ป่วยกัมพูชารักษาในไทย

ការចេញមុខបញ្ជាក់របស់អ្នកនាំពាក្យ ក្រសួងការពារជាតិថៃ លោកឧត្តមនាវីត្រី ស៊ុរៈសាន់ ខុងសិរិ ថា «គ្មានការបន្ធូរបន្ថយបើកច្រកទ្វារព្រំដែនដើម្បីទទួលអ្នកជំងឺកម្ពុជាឡើយ» បានបង្កើតជាសភាវៈផ្ទុយគ្នាយ៉ាងច្បាស់ក្រឡែតរវាង «អ្វីដែលបានព្រមព្រៀងលើតុចរចា» និង «អ្វីដែលថ្លែងប្រាប់សាធារណជនថៃ»

ការកែប្រែសម្តីនៅពេលរងសម្ពាធពីចរន្តនយោបាយ និងក្រុមជ្រុលនិយមក្នុងស្រុក គឺជាឧបសគ្គដ៏ធំបំផុតដែលរារាំងមិនឱ្យដំណោះស្រាយសន្តិភាពព្រំដែនអាចឈានទៅមុខបាន។ នៅពេលដែលតំណាងយោធាថៃថ្នាក់តំបន់យល់ព្រមលើក្របខ័ណ្ឌមនុស្សធម៌ និងការកាត់បន្ថយភាពតានតឹងជាមួយកម្ពុជា ប៉ុន្តែក្រសួងការពារជាតិនៅបាងកកបែរជាប្រញាប់ប្រញាល់ចេញមុខកែប្រែអត្ថន័យ ដើម្បីស្ដារមុខមាត់ ឬទប់ទល់នឹងការរិះគន់ពីពលរដ្ឋខ្លួន វាកំពុងបង្ហាញថា ថៃមិនទាន់មានឯកភាពជាតិលើនយោបាយការបរទេស និងការកសាងទំនុកចិត្តទ្វេភាគីនៅឡើយ។

ប្រសិនបើថៃនៅតែបន្តប្រកាន់យកជំហរ «ក្នុងជំនួបនិយាយផ្សេង ពេលប្រឈមមុខនឹងសម្ពាធពីពលរដ្ឋខ្លួននិយាយផ្សឹង» តើកម្ពុជាអាចយក «សេចក្តីទុកចិត្ត» ពីណាបាន? ដំណោះស្រាយឈ្នះ-ឈ្នះ និងសន្តិភាពយូរអង្វែង មិនអាចកើតមានឡើងនៅលើគ្រឹះនៃភាពទន់ជ្រាយខាងនយោបាយ និងការកែប្រែសម្តីតាមចរន្តសង្គមរបស់​អ្នក​នយោបាយ​ឬកងទ័ព​ថៃបែបនេះឡើយ។

តើការផ្លាស់ប្តូរជំហរចុះឡើងៗរបស់ថៃនេះ ជាយុទ្ធសាស្ត្រទាញពេលវេលា (Delaying Tactics) ដើម្បីបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាបណ្តោះអាសន្ន ឬយ៉ាងណា?

ក្នុងបរិបទដែលរាជរដ្ឋាភិបាលថៃកំពុងជួបប្រទះសម្ពាធនយោបាយ និងវិបត្តិផ្ទៃក្នុងដ៏ក្តៅគគុក ការលើកយកប្រធានបទព្រំដែន និងការបង្ហាញជំហររឹងត្អឹងដាក់ប្រទេសជិតខាង តែងតែជា «សន្លឹកបៀរនយោបាយ» ដ៏មានប្រសិទ្ធភាពសម្រាប់អ្នកនយោបាយថៃក្នុងការបង្វែរចំណាប់អារម្មណ៍សាធារណជន ។

ជារឿយៗ អ្នក​នយោបាយ​ថៃ​ប្រើ​បញ្ហា​ព្រំដែន​ដើម្បីបង្ហាញ​ពីភាពខ្លាំង​របស់​រដ្ឋាភិបាល​ខ្លួន​ចំពោះ​ជំហរ​ទប់ទល់នឹង​ប្រទេសជិតខាង ដែល​អាច​​ទាញបាន​ការ​គាំទ្រ​ពី​ក្រុម​ជ្រុល​និយម​។ ការជួបចរចា​ ប៉ុន្តែ​ពន្យារពេល​វាស់វែងព្រំដែន​នៅ​លើ​ដីពិត​ប្រាកដ​ គឺជា​ល្បិច​ដែលធ្វើ​ឱ្យ​កិច្ចព្រមព្រៀម​បច្ចេកទេសនៅតែជាប់គាំង ជា​ឱកាស​ឱ្យ​ថៃ​នៅ​តែ​អាច​បន្តរក្សា​វត្តមាន​យោធា គ្រប់គ្រង​លើ​តំបន់​ជម្លោះ​ដោយ​ខុស​ច្បាប់​បានយូរអង្វែង​ទៅ​មុខ​ទៀត។

អ្វីដែលកម្ពុជា និងសហគមន៍អន្តរជាតិចង់បាន គឺ «ភាពស្មោះត្រង់ដែលអាស្រ័យលើអង្គហេតុ និងការអនុវត្តជាក់ស្តែង»។ ប្រសិនបើថៃពិតជាមានឆន្ទៈក្នុងការបញ្ចប់ជម្លោះ និងអនុវត្តតាម MOU ឆ្នាំ២០០០ ព្រមទាំងសេចក្តីថ្លែងការណ៍បទឈប់បាញ់យ៉ាងពិតប្រាកដមែននោះ ភាគីថៃត្រូវតែហ៊ានឈរលើស្មារតីនៃកិច្ចប្រជុំទ្វេភាគី ហើយទប់ទល់នឹងសម្ពាធនយោបាយក្នុងស្រុកដោយភាពក្លាហាន។

ការប្រើយន្តការផ្សព្វផ្សាយព័ត៌មានបកស្រាយបង្វែរដានពីសំណាក់ថៃ មិនត្រឹមតែបំផ្លាញបរិយាកាសនៃ «ភាពជឿជាក់រវាងគ្នានិងគ្នា» (Mutual Trust) ប៉ុណ្ណោះទេ ប៉ុន្តែវានឹងប្រែក្លាយកិច្ចព្រមព្រៀងទាំងឡាយដែលបានខិតខំកសាងឡើង ឱ្យទៅជាត្រឹមតែ «ក្រដាសមួយសន្លឹក» ដែលគ្មានតម្លៃអនុវត្ត។ ប្រសិនបើថៃនៅតែបន្តលេងល្បិចឌឺដង និងផ្លាស់ប្តូរជំហរតាមខ្យល់នយោបាយបែបនេះ ដំណើរការកសាងសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នឹងនៅតែបន្តស្ថិតក្នុងភាពស្រពិចស្រពិល ហើយអ្នកដែលរងគ្រោះពិតប្រាកដគឺប្រជាពលរដ្ឋស៊ីវិលនៃប្រទេសទាំងពីរដែលរស់នៅតាមព្រំដែននោះឯង៕

Share.