កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវនានានៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ បាននិងកំពុងបង្កជាក្តីបារម្ភសម្រាប់កម្ពុជា ហើយដែលបានជំរុញឲ្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គោរពស្នើសុំគោលការណ៍អនវុត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញពិសេសនៅតាមបណ្តារាជធានីខេត្តដែលមានតួលេខគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។

ជាក់ស្តែង តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៦នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជម្រាបជូននាយករដ្ឋមន្ត្រីថា នៅក្នុងឆមាសទី១ឆ្នាំ២០២៦នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើនឡើងគួរឲ្យកត់សម្គាល់។ ធៀបនឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មាន​កំណើន ២១៣លើក ​ស្មើ២០% (១ ១២៩លើក លើ ១០៦២​លើក) ចំនួន​អ្នកស្លាប់​មាន​កំណើន ៧៩នាក់ ស្មើ១១% ​(៧៧៣នាក់ លើ ៦៩៤នាក់)​ និង​ចំនួន​អ្នក​របួស​មាន​កំណើន ៤៦៨ នាក់ ស្មើ​៣២% (១ ៩៤៤នាក់ លើ ១ ៤៧៦នាក់)។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកត់សម្គាល់ដែរថាចំពោះ​គ្រោះថ្នាក់​ទាំង​នេះ បាន​កើត​ឡើង​ដោយ​មូលហេតុ ការ​បើកបរ​ហួស​ល្បឿនលឿន​៤៦% ការ​មិន​គោរព​សិទ្ធិ​អាទិភាព​ ២២% ការមិនប្រកាន់ស្តាំ១២% ​ការវ៉ាជែង៧% ការ​បើកបរ​មិន​ប្រយ័ត្ន​ចំនួន៦% ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង៥% ការ​មិន​គោរព​សញ្ញា​ចរាចរណ៍ ២% និង​កត្តា​យានជំនិះ​​១%។

បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ភាគច្រើន​លើសលប់​នៃ​ការ​ព្យួរ​គ្រោះថ្នាក់ គឺ​បណ្តាល​មក​ពី​កត្តា​អ្នក​បើកបរ​យានយន្ត​មិន​គោរពច្បាប់ ឬ​ធ្វេសប្រហែស ដែល​អាច​បញ្ជាក់​បាន​ថា ស្មារតី​អ្នក​បើកបរ ខ្លាច​នគរបាល ជាង​ខ្លាច​ច្បាប់។

ជាការកត់សម្គាល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការពង្រឹងការអនុវត្តច្បាប់របស់នគរបាលចរាចរណ៍ត្រូវបានធ្វើឡើងជាប់ជាបន្តបន្ទាប់និងជាប់ជាប្រចាំលើកឡើងតែក្នុងអំឡុងពេលដែលកម្ពុជារងគ្រោះដោយសារសង្គ្រាមឈ្លានពានពីក្រុមយោធាថៃ និងក្រោយមក ស្ថានភាពដែលកម្ពុជារងផលប៉ះពាល់ដោយសារវិបត្តិសកលតែប៉ុណ្ណោះ។តាមការកត់សម្គាល់ ការផ្អាកការអនុវត្តច្បាប់ចរាចរណ៍នេះ ធ្វើឲ្យអ្នកបើកបរក្នុងចំនួនកាន់តែច្រើនឡើងមានការធ្វេសប្រហែស បើកបរដោយខ្វះការទទួលខុសត្រូវដូចជាបើកបរក្នុងល្បឿនលឿនដែលច្បាប់អនុញ្ញាត ផ្ទុកលើសទម្ងន់​រួមទាំងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម។

ជាមួយគ្នានេះ បើយើងពិនិត្យមើលទៅលើស្ថានភាពនៃគ្រោះថ្នាក់វិញ យើងឃើញថា មានហេតុការគ្រោះថ្នាក់ដែលមានលក្ខណៈធ្ងន់ធ្ងរបណ្តាលឲ្យមានជនរងគ្រោះជាច្រើននាក់ក្នុងពេលតែមួយ ខណៈដែលជនបង្កខ្លះដែលជាអ្នកមានយសស័ក្តិឬក្រុមគ្រួសារអ្នកមាន បានរត់គេចវេសពីការទទួលខុសត្រូវ ស្របពេលដែលការអនុវត្តច្បាប់របស់សមត្ថកិច្ចពេលខ្លះត្រូវបានមហាជនរិះគន់ថា មានភាពលម្អៀងរវាងអ្នកមាននិងអ្នកក្រជាដើម។ក្នុងន័យនេះ បង្ហាញថា ជាចំណុចចន្លោះប្រហោងរបស់សមត្ថកិច្ចអនុវត្តច្បាប់ ហើយដែលមហាជនទាមទរឲ្យមានការកែប្រែផងដែរ ដើម្បីធានាយុត្តិធម៌សង្គមយោងតាមស្មារតីនៃ      រដ្ឋធម្មនុញ្ញដែលបានកត់កំណត់ថា ពលរដ្ឋទាំងអស់ គឺស្មើគ្នានៅចំពោះមុខច្បាប់ មានន័យថា បើនរណាម្នាក់ប្រព្រឹត្តខុសគឺត្រូវប្រឈមមុខនៅចំពោះមុខច្បាប់ដូចគ្នាមិនថា អ្នកនោះមានឋានៈ បុណ្យស័ក្តិ យ៉ាងណានោះទេ។

ទន្ទឹមនឹងនេះ ពលរដ្ឋដែលជាអ្នកប្រើប្រាស់មធ្យោបាយយានជំនិះគ្រប់ប្រភេទ ក៏ល្មមដល់ពេលដែលត្រូវចូលរួមគោរពច្បាប់ឲ្យបានគត់មត់ជាប្រចាំ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃផងដែរ។សូម កុំគោរពច្បាប់តែនៅនឹងមុខនគរបាលចរាចរណ៍។ សង្គមមួយដែលមានសណ្តាប់ធ្នាប់ល្អ គឺផ្តើមចេញពីពលរដ្ឋគ្រប់រូបមានសីលធម៌ល្អក្នុងការរស់នៅ ចេះគោរពច្បាប់សង្គម និងវៀរចាកនូវទង្វើទាំងឡាយណាដែលនាំឲ្យសង្គមមានបញ្ហា។

ដូច្នេះអំណើះតទៅ មិនមែនជាពេលដែលត្រូវបន្ទោសគ្នានោះឡើយ ប៉ុន្តែជាពេលវេលាដែលត្រូវរួមគ្នាគោរពនិងអនុវត្តច្បាប់សង្គមក្នុងនោះមានទាំងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីលើកមុខមាត់និងសេចក្តីថ្លៃថ្នូររបស់សង្គមពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាឃាតករដ៏កាចសាហាវសម្ងំលាក់ខ្លួនចាំផ្តាច់ជីវិតអ្នកធ្វើដំណើរនៅតាមដងផ្លូវជារៀងរាល់ថ្ងៃ។សូមចូលរួមលើកកម្ពស់ទិសស្លោក “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍”។គួររួមគ្នាលើកកម្ពស់វប្បធម៌គោរពច្បាប់ ឲ្យបានខ្លាំងក្លាជាងវប្បធម៌ខ្លាចប៉ូលិស៕

Share.