រដ្ឋធានីវៀងចន្ទន៍៖ គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ បានបើកកិច្ចប្រជុំលើកទី៩ ជាផ្លូវការនៅស្រុកវ៉ាងវៀង ខេត្តវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីបន្តរុញច្រានការងារព្រំដែនរវាងប្រទេសទាំងពីរ ស្របពេលដែលភាគីទាំងនៅសល់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនប្រមាណ ១៤% ទៀតមិនទាន់បានបញ្ចប់។

កិច្ចប្រជុំកម្រិតបច្ចេកទេស និងនយោបាយដ៏សំខាន់នេះ ត្រូវ បានដឹកនាំដោយលោក ឡាំជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា តំណាងឱ្យភាគីកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើលទ្ធផលការងារកន្លងមក និងស្វែងរកដំណោះស្រាយរួមលើចំណុចដែលមិនទាន់ឯកភាពគ្នា ដើម្បីឈានទៅបិទបញ្ចប់សំណុំរឿងព្រំដែនទាំងស្រុង។

ផ្អែកតាមទិន្នន័យផ្លូវការ ប្រទេសកម្ពុជា និងឡាវ មានខ្សែព្រំដែនរួមគ្នាសរុបប្រមាណ ៥៤០គីឡូម៉ែត្រ ដោយក្នុងនោះរួមមាន៖ ខ្សែព្រំដែនដីគោក ប្រវែង ៣៣៥ គីឡូម៉ែត្រ និងខ្សែព្រំដែនតាមផ្លូវទឹកប្រវែង ២០៥ គីឡូម៉ែត្រ។

គិតត្រឹមដើមឆ្នាំ២០២៦ ភាគីទាំងពីរសម្រេចបានការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរួមគ្នាបានចំនួន ៨៦% រួចរាល់ហើយ ដោយនៅសេសសល់តែ ១៤% ទៀតប៉ុណ្ណោះ ដែលទាមទារឱ្យមានការចរចា និងការវាស់វែងបន្ថែមដោយប្រុងប្រយ័ត្ន។

គួររំលឹកផងដែរថា ជំហរផ្លូវការក្នុងការបញ្ចប់បញ្ហាព្រំដែននេះ ត្រូវ បានពង្រឹងយ៉ាងរឹងមាំនៅក្នុងជំនួបកំពូលរវាង សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងប្រធានាធិបតីឡាវ លោក ថងលុនស៊ីសុលីត (Thongloun Sisoulith) កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ នៅក្នុងជំនួបនោះដែរ ថ្នាក់ដឹកនាំកំពូលទាំងពីរបានបញ្ជាក់ឡើងវិញនូវឆន្ទៈនយោបាយរួមគ្នា ក្នុងការដោះស្រាយភាគរយដែលនៅសេសសល់ទាំងស្រុង ដើម្បីប្រែក្លាយតំបន់ព្រំដែននៃប្រទេសទាំងពីរ ឱ្យទៅជាតំបន់ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្ដមនៃប្រជាជនទាំងសងខាង។

សូមជម្រាបកិច្ចប្រជុំលើកទី៩ នៃគណៈកម្មការចម្រុះព្រំដែននេះ ត្រូវបានគេមើលឃើញថា ជាជំហានបន្តបន្ទាប់យ៉ាងមានសារសំខាន់ក្នុងការអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំកំពូល ដើម្បីធានាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសជិតខាងទាំងពីរ៕

Share.