បាងកក៖ ខណៈយោធាថៃកន្លងមកបានផ្តោតការយកចិត្តទុកដាក់លើស្ថានការណ៍នៅព្រំដែនកម្ពុជា និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធជម្លោះទៅកាន់សហគមន៍អន្តរជាតិ ស្រាប់តែពេលនេះ ព្រំដែនថៃ-ភូមា កំពុងប្រឈមនឹងភាពតានតឹងកាន់តែខ្លាំង ក្រោយការប្រយុទ្ធរវាងយោធាភូមា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បានបន្តរាលដាលរហូតគ្រាប់ផ្លោង និងគ្រាប់កាំភ្លើងហោះឆ្លងចូលទឹកដីថៃជាបន្តបន្ទាប់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin TV នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាសាន ហេនប្រាសើត (Prasan Henprasert) មេបញ្ជាការកងកម្លាំងនរិន្ទសួន រួមជាមួយនាយទាហានជាន់ខ្ពស់ជាច្រើនរូប បានចុះទៅកាន់ស្រុកម៉ែសត ខេត្តតាក ដើម្បីត្រួតពិនិត្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-ភូមា និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងនៅទីនោះ។

ប្រភពដដែលបានឱ្យដឹងថា ការវាយប្រហាររបស់យោធាភូមាលើក្រុមប្រដាប់អាវុធការ៉ែន នៅតែបន្តយ៉ាងស្វិតស្វាញ ដោយប្រើប្រាស់កាំភ្លើងត្បាល់ធុនធ្ងន់ កាំភ្លើងយន្ត ការទម្លាក់គ្រាប់បែកតាមផ្លូវអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន)។ ជាផលវិបាក គ្រាប់ផ្លោង និងគ្រាប់កាំភ្លើងមួយចំនួនបានធ្លាក់ឆ្លងចូលទឹកដីថៃ បណ្តាលឱ្យខូចខាតផ្ទះសម្បែង របង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ព្រមទាំងបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន។



ទោះបីស្ថានការណ៍សន្តិសុខនៅព្រំដែនខ្លួនកំពុងប្រឈមនឹងការគំរាមកំហែងដោយផ្ទាល់ក៏ដោយ កងកម្លាំងពិសេសថៃ «រាជមនូ» ត្រូវបានសារព័ត៌មានរាយការណ៍ថា បានត្រឹមតែបាញ់ព្រមានប៉ុណ្ណោះ ខណៈអាជ្ញាធរយោធាថៃត្រូវបង្ខំចិត្តបញ្ជូនមេបញ្ជាការចុះពិនិត្យស្ថានការណ៍ដោយផ្ទាល់ ដើម្បីតាមដានការវិវត្តនៅតាមបណ្តោយព្រំដែន។
ការវិវត្តនេះបានបង្ហាញថា បញ្ហាសន្តិសុខនៅព្រំដែនថៃ-ភូមា កំពុងក្លាយជាបញ្ហាបន្ទាន់សម្រាប់អាជ្ញាធរថៃ ខណៈការប្រយុទ្ធនៅភាគីភូមា នៅតែមិនទាន់មានសញ្ញាធូរស្រាល និងបន្តបង្កផលប៉ះពាល់ឆ្លងដែនជាបន្តបន្ទាប់។

