កំពង់ស្ពឺ ៖ អគ្គិភ័យឆេះរោងចក្រស្ល និងកែច្នៃលោហៈ ផលិតអាគុយ ឈ្នោះ XINSHENG SHENG METAL MATERIALS INDUSTRIAL PARKS CO.,Ltd ដែលស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កំពុងបង្កផលប៉ះពាល់សុខភាពប្រជាជន និងសត្វ នេះបើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន ហើយក្រុមមន្ត្រីជំនាញក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននិងកំពុងចុះពិនិត្យជាបន្តបន្ទាប់ផងដែរ ។

ទីតាំងខាងលើត្រូវបានក្រសួងបរិស្ថានចុះពិនិត្យកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ធ្វើសេចក្តីសន្និដ្ឋាន អាចបណ្តាលមកពីការទុកដាក់សំណល់ថ្មពិល ប្រភេទ Lithium មិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ដែលបង្កឱ្យមានការផ្ទុះឆេះ ហើយបង្កផលប៉ះពាល់ដល់សុខភាពប្រជាជន និងសត្វ រស់នៅក្បែរក្បែរខាង ។

ក្នុងការងារចុះពិនិត្យ ឃើញថា ទីតាំងរោងចក្រមានចម្ងាយ៥០ម៉ែត្រ ពីលំនៅដ្ឋានប្រជាជន និង ចម្ងាយ ១០ម៉ែត្រ មានកសិដ្ឋានចិញ្ចឹមមាន់ ទា ដែលមានប្រមាណ ២ម៉ឺនក្បាល ។ ចាប់តាំងពីរោងចក្រកើតគ្រោះអគ្គិភ័យ មានមាន់ប្រមាណជាង ២០០០ក្បាល បានងាប់ ។

ក្រសួងបរិស្ថានបានវាស់គុណភាពខ្យល់ បានឃើញកម្រិតសារធាតុបំពុលខ្យល់ខ្ពស់ ហើយកំពុងបន្តការតាមដាន និងប្រមូលយកសំណាកបរិស្ថាននៅជុំវិញទីតាំងស្លលោហៈ ដើម្បីយកមកវិភាគរកសារធាតុគ្រោះថ្នាក់ ។ ដោយរកឃើញមានជាតិពុលក្នុងខ្យល់ខ្លាំង
មន្ត្រីជំនាញបានដាក់ចេញវិធានការការពារសុខភាពជាបន្ទាន់ (សម្រាប់ពលរដ្ឋ) ពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ ឬនៅក្បែរតំបន់ដែលមានផ្សែង។ ការពារប្រភពទឹក និងអាហារ ដើម្បីការពារកុំឱ្យធាតុគីមីក្នុងផ្សែងធ្លាក់ចូល ។ តាមដានក្រុមមនុស្សងាយរងគ្រោះ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើកុមារ មនុស្សចាស់ និងអ្នកមានជំងឺផ្លូវដង្ហើម ជាដើម។ ប្រសិនមានករណីសង្ស័យត្រូវធ្វើការទំនាក់ទំនង និងបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាប់ ។

រោងចក្រនេះត្រូវបានប្រកាសពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ និងទើបចាប់ផ្តើមបើកដំណើរការសាកល្បងឆ្នាំ២០២៦ បានរយ:ពេល១ខែ ដោយប្រមូលទិញសំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ ដើម្បីកែច្នៃយកលោហះ ។ ប៉ុន្តែទីតាំងនេះបានដំណើរការអាជីវកម្មពុំមានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតិប្រមូលទិញ ស្តុកទុកសំណល់អាគុយ និងសំណល់ថ្មពិលនោះទេ ។

ករណីពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការធ្វើអាជីវកម្មប្រមូល ស្តុកទុក ដោះបំបែកកែច្នៃអ្វើប្រពឹត្តកម្មសំណល់អាគុយ និងសំណល់ថ្មពិលដោយគ្មានលិខិតអនុញ្ញាត និងការធ្វើអាជីវកម្មបង្កាផលប៉ះពាល់បរិស្ថាន ល្មើសនឹងមាត្រា៦៦៨ មាត្រា ២៤៣ មាត្រា ២៧១ និងមាត្រស ២៧២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ការណ៍នេះក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ផ្លាស់ប្តូរទីតាំង ផាកពិន័យ និងតម្រូវឱ្យផ្ដល់សំណងផលប៉ះពាល់ និងការខូចខាតបរិស្ថាន ៕

អត្ថបទ÷តាតុងសែនជ័យ

Share.