
លោក ALISTAIR FRANCIS HEATH គ្រូបង្វឹកគិរីវង់សុខសែនជ័យ កាន់សញ្ញាប័ត្រគ្រូបង្វឹកកំរិត UEFA ‘A’ ដែលជាសញ្ញាប័ត្រកំរិតខ្ពស់មួយក្នុងវិស័យគ្រូបង្វឹកបាល់ទាត់របស់អឺរ៉ុប។
លោកគ្រូ Alistair មានស្រុកកំណើតនៅទីក្រុង Birmingham ប្រទេសអង់គ្លេសហើយលោកបានចាប់ផ្តើមវិថីជាគ្រូបង្វឹកតាំងពីឆ្នាំ ២០០៤ ដោយបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលកីឡាករ និងការរៀបចំយុទ្ធសាស្ត្រលេងជាច្រើន។
លោកគ្រូ Alistair ធ្លាប់បានចំណាយពេលជាច្រើនឆ្នាំក្នុងតួនាទីជាគ្រូបង្វឹកយុវជន និងជាទីប្រឹក្សាសមាហរណកម្ម (Integration Advisor) ឱ្យក្លឹបល្បីៗនៅប្រទេសអង់គ្លេសពិសេសគឺក្លិប Leicester City FC ព្រមទាំងធ្លាប់ឆ្លងកាត់ការងារជាមួយក្លិប West Bromwich Albion និង Birmingham City ផងដែរ។
នៅចុងឆ្នាំ ២០២១ លោកគ្រូ Alistair បានចូលរួមជាមួយក្លិប Angkor Tiger ក្នុងតួនាទីជាគ្រូបង្វឹកបង្គោលនៅក្នុងលីគកំពូលកម្ពុជា ដែលធ្វើឱ្យលោកមានការយល់ដឹងច្បាស់អំពីបរិបទបាល់ទាត់ក្នុងស្រុក មុនពេលមកកាន់ទឹកដីខេត្តតាកែវ ប្រទេសកម្ពុជា។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍លោក ALISTAIR FRANCIS HEATH គ្រូបង្វឹកគិរីវង់សុខសែនជ័យ៖
១. បទពិសោធន៍កន្លងមក និងអារម្មណ៍ដែលបានត្រឡប់មកកម្ពុជា
«បាទ! ដូចដែលបងប្អូនទាំងអស់គ្នាបានជ្រាបស្រាប់ហើយ កាលពីពេលថ្មីៗនេះ ខ្ញុំធ្លាប់បានមកដឹកនាំនៅកម្ពុជារយៈពេល ២រដូវកាល ជាមួយក្លិប Angkor Tiger ដែលជាពេលវេលាដ៏អស្ចារ្យបំផុត។ បន្ទាប់ពីនោះ ខ្ញុំបានទៅបំពេញភារកិច្ចនៅប្រទេសលីទុយអានី និងបណ្តាប្រទេសមួយចំនួនទៀតនៅអឺរ៉ុប។
មុនពេលនោះ ដូចដែលប្រិយមិត្តបានជ្រាប គឺខ្ញុំធ្លាប់នៅក្លិប Leicester City និងក្លិបជាច្រើនទៀតនៅប្រទេសអង់គ្លេស។ ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលបានធ្វើដំណើរជុំវិញពិភពលោកក្នុងអាជីពជាគ្រូបង្វឹកបាល់ទាត់របស់ខ្ញុំ ហើយនៅពេលនេះ ចុងក្រោយខ្ញុំបានត្រឡប់មកកាន់កម្ពុជាវិញ ដើម្បីដឹកនាំក្លិបគិរីវង់សុខសែនជ័យ។»
២. អារម្មណ៍នៃការចូលរួមជាមួយក្លិបគិរីវង់សុខសែនជ័យ
«វាជាអារម្មណ៍ដ៏អស្ចារ្យបំផុត! ពិតជាពិសេសមែនទែន។ ពិតជារំភើបណាស់ដែលបានត្រឡប់មកកាន់ទឹកដីកម្ពុជាជាថ្មី បន្ទាប់ពីខកខានជិត ៣ឆ្នាំ។
ក្លិបមួយនេះពិតជាមានរចនាសម្ព័ន្ធ និងបរិយាកាសដ៏ល្អ។ ខ្ញុំមានកិត្តិយស និងក្តីរំភើបយ៉ាងជ្រាលជ្រៅ ដែលទទួលបានសេចក្តីទុកចិត្តឱ្យដឹកនាំក្លិបគិរីវង់សុខសែនជ័យ ចូលរួមប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា (CPL)។ វាជាមោទនភាព និងជាក្តីរីករាយយ៉ាងខ្លាំង ដែលបានត្រឡប់មកធ្វើជាគ្រូបង្វឹកលីគកំពូលនៅទីនេះ។»
៣. គោលដៅសម្រាប់រដូវកាលនេះ
«យើងមានគោលដៅជាច្រើន! ប៉ុន្តែបេសកកម្មចម្បងទីមួយ គឺការលះបង់ឱ្យអស់ពីលទ្ធភាពដើម្បីក្លិប។ កាលពីរដូវកាលមុន ក្លិបធ្វើបានយ៉ាងល្អ ដូច្នេះសម្រាប់រូបខ្ញុំ គឺត្រូវបន្តអភិវឌ្ឍសមត្ថភាពក្រុមឱ្យកាន់តែខ្លាំងក្លាជាងនេះបន្ថែមទៀត។
ខ្ញុំចង់ឱ្យក្រុមយើងមានសមត្ថភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងគ្រប់ការប្រកួត បង្ហាញពីស្មារតីតស៊ូ ឆន្ទៈម្ចាស់ការ និងសមត្ថភាពបច្ចេកទេសដ៏ត្រឹមត្រូវនៅលើទីលាន។
យើងត្រូវតែពង្រឹងសមត្ថភាពកីឡាករទាំងអស់ ជាពិសេសកីឡាករវ័យក្មេង ដែលខ្ញុំជឿជាក់យ៉ាងមុតមាំថាពួកគាត់មានសក្តានុពលខ្ពស់។ ភារកិច្ចរបស់ខ្ញុំ គឺដុសខាត់សមត្ថភាពពួកគាត់ ដើម្បីបង្កើតអាជីពបាល់ទាត់ដ៏ជោគជ័យមួយ ដែលខ្ញុំជឿជាក់ថាពួកគាត់ពិតជាអាចធ្វើបាន។»
៤. ទម្រង់លេង និងយុទ្ធសាស្ត្រប្រកួត
«បាទ! ខ្ញុំបានពិភាក្សាជាមួយកីឡាកររួចហើយ អំពីការផ្លាស់ប្តូរទម្លាប់វិជ្ជាជីវៈ និងការដំឡើងកម្រិតជំនាញបច្ចេកទេសថ្មីៗ។ ប៉ុន្តែចំណុចសំខាន់ គឺត្រូវលេងដោយភាពរីករាយ! ទាំងកីឡាករ និងក្រុមការងារគ្រូបង្វឹក យើងត្រូវរីករាយជាមួយបាល់ទាត់រីករាយជាមួយការប្រកួតរដូវកាលនេះ។
យើងចំណាយពេលយ៉ាងច្រើនក្នុងជីវិតរស់នៅជុំគ្នាជាមួយបាល់ទាត់ ដូច្នេះយើងត្រូវបង្កើតបរិយាកាសរីករាយ និងបទពិសោធន៍ដ៏ល្អបំផុត។ក្នុងន័យនេះ យើងនឹងប្រកួតប្រជែងដោយស្មារតីមោះមុត!
ខ្ញុំចង់ឱ្យក្រុមលេងដោយការគ្រប់គ្រងបាល់ដោយសេរីភាព និងទំនុកចិត្ត (Expressive on the ball) បង្ហាញពីសមត្ថភាពពិត និងរីករាយក្នុងការលេងបាល់ទាត់តាមរចនាប័ទ្មរបស់ខ្លួន។ ហើយលើសពីនេះ ពួកយើងនឹងធ្វើគ្រប់យ៉ាងនៅលើទីលាន ដើម្បីដណ្តើមយកជ័យជម្នះ ព្រោះបេសកកម្មរបស់យើង គឺលេងដើម្បីឈ្នះ!»៕

