ជម្លោះពាក្យសម្តីរវាងអាជ្ញាធរសន្តិសុខថៃ និងម៉ាឡេស៊ី បានឈានដល់កម្រិតតានតឹងថ្មីមួយទៀត បន្ទាប់ពីភាគីម៉ាឡេស៊ីបានចេញមុខវាយបកយ៉ាងមុតស្រួច និងបោះពាក្យបំបាក់មុខ ទៅលើអាជ្ញាធរថៃ ដែលតែងតែប្រកាន់ទម្លាប់ទម្លាក់កំហុស និងចោទប្រកាន់ទាំងទទឹងទិសថា ម៉ាឡេស៊ីជាជម្រកសុវត្ថិភាព របស់ក្រុមផ្ដាច់ខ្លួននៅភាគខាងត្បូង។

រលកនៃវិបត្តិពាក្យសម្តីនេះ បានផ្ទុះឡើងជាថ្មីក្រោយហេតុការណ៍វាយប្រហារមួយ កាលពីថ្ងៃទី២២ ខែកក្កដា នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងខេត្ត Narathiwat ដែលបានផ្ដាច់ជីវិតទាហានឈុតខ្មៅថៃ ៥នាក់ និងបង្កឱ្យស៊ីវិល ៥នាក់ផ្សេងទៀតរងរបួសធ្ងន់។ ភ្លាមៗក្រោយហេតុការណ៍ អាជ្ញាធរថៃបានប្រកាសដាក់ «ច្បាប់អាជ្ញាសឹក» ព្រមទាំងដើរតួជាជនរងគ្រោះដោយចោទប្រកាន់ថា ក្រុមខ្មាំងបានរត់គេចខ្លួនចូលទៅជ្រកកោនក្នុងទឹកដីម៉ាឡេស៊ីដូចសព្វមួយដង។

ដោយសារតែទ្រាំមើលទម្លាប់ចោទប្រកាន់ឥតមូលដ្ឋានរបស់ថៃលែងបាន កាលពីថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦នេះ លោក Yusoff Mamat មេប៉ូលិសរដ្ឋ Kelantan ដែលមានព្រំប្រទល់ជាប់ខេត្ត Narathiwat របស់ថៃ បានចេញមុខថ្លែងសារបោះសម្ដីធ្ងន់ៗទៅកាន់ក្រុងបាងកក ដោយទាមទារឱ្យថៃបង្ហាញ «ភស្តុតាងជាក់ស្តែង» ជាជាងការប្រើអណ្តាតចោទប្រកាន់ ដើម្បីបិទបាំងការបរាជ័យផ្នែកសន្តិសុខរបស់ខ្លួន។ លោកបន្ដថា «រាល់ពេលមានការបំផ្ទុះគ្រាប់បែក ឬការបាញ់ប្រហារនៅភាគខាងត្បូង ថៃតែងតែចង្អុលមុខចោទម៉ាឡេស៊ីភ្លាមៗថាជាកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ។ ប៉ុន្តែមកទល់ពេលនេះ មិនដែលឃើញថៃមានភស្តុតាងសូម្បីមួយកង់មកបង្ហាញឡើយ! បើគ្មានភស្តុតាងទេ សុំមេត្តាឈប់ចោទគេផ្តេសផ្តាសទៀតទៅ!»។

យ៉ាងណាម៉ិញ ផលវិបាកនៃការវាយប្រហារនេះ មិនត្រឹមតែបង្កឱ្យមានជម្លោះកាទូតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានបង្កភាពរញ៉េរញ៉ៃដល់តុចរចាសន្តិភាពផងដែរ។

លោក Thanut Suvarnananda ប្រធានក្រុមការងារចរចាស​ន្ដិភាពរបស់រដ្ឋាភិបាលថៃ បានប្រកាសលុបចោលជំនួបចរចាសន្តិភាពនាខែកញ្ញាខាងមុខ ហើយផ្អាកដំណើរការសន្តិភាពដោយគ្មានកំណត់ ក្រោមលេសថា អំពើហិង្សាចុងក្រោយនេះវាធ្ងន់ធ្ងរពេក រហូតមិនអាចទទួលយកបាន។

អ្នកវិភាគសន្តិសុខតំបន់មើលឃើញថា ប្រតិកម្មតក់ក្រហល់របស់ថៃ ទាំងការប្រកាសអាជ្ញាសឹក ការលុបចោលតុចរចា និងការប្រញាប់ប្រញាល់ទម្លាក់កំហុសលើម៉ាឡេស៊ី គឺជា «ការស្តែងចេញនូវការទាល់ច្រក និងខ្វះសមត្ថភាពក្នុងការគ្រប់គ្រងសន្តិសុខផ្ទៃក្នុង» របស់អាជ្ញាធរថៃនៅភាគខាងត្បូង។ ការព្យាយាមបកស្រាយទម្លាក់កំហុសលើប្រទេសជិតខាង គ្រាន់តែជាល្បិចនយោបាយបង្វែរដានពីភាពកម្សោយនៃយន្តការការពារព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះ។

មែនទែនទៅ ការដែលម៉ាឡេស៊ីចេញមុខដាស់តឿនថៃឱ្យប្រើភស្តុតាងជាជាងការស្មាន និងការចោទប្រកាន់ គឺជាការព្រមានកាទូតយ៉ាងច្បាស់មួយថា ម៉ាឡេស៊ីលែងទទួលរងនូវការទម្លាក់កំហុស ដើម្បីស្ទូចយកប្រជាប្រិយភាពនយោបាយផ្ទៃក្នុងរបស់ថៃទៀតហើយ។ ប្រសិនបើថៃមិនព្រមពិនិត្យមើលភាពចន្លោះប្រហោងនៃប្រព័ន្ធសន្តិសុខខ្លួនឯងទេនោះ តំបន់ភាគខាងត្បូងនឹងនៅតែបន្តស្ថិតក្នុងរលកអំពើហិង្សាឥតឈប់ឈរ ហើយទំនាក់ទំនងជាមួយប្រទេសជិតខាងក៏នឹងកាន់តែប្រេះឆាថែមទៀត៕

ប្រភព៖ Bangkok Post

Share.